header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានកាត់ទោសបុរសជនជាតិវៀតណាមម្នាក់ ដែលបានដឹកជញ្ជូនគ្រឿងញៀនកាកូអ៊ីន ប្រមាណ១២០០គីឡូក្រាម ចូលមកប្រទេសកម្ពុជា ដោយបង្កប់ក្នុងសាច់ត្រីសមុទ្រចំនួន៣កុងតឺន័រ។

ជនជាប់ចោទឈ្មោះ ហ្វឿង មិញគក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុនដឹកជញ្ជូនហ្គូលឌិន ហ្វឿង មិញគក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅព្រំដែនកម្ពុជា-វៀតណាម ដោយសារបុគ្គលនេះ ជាមនុស្សតែម្នាក់ ដែលត្រូវចុះហត្ថលេខាទទួលទំនិញ៣កុងតឺ​ន័រ ដែលផ្ញើមកពីប្រទេសអេក្វាឌ័រ មានសាច់ត្រីសមុទ្រសរុប២៤តោន ដោយមានកាកូអ៊ីនទម្ងន់​១២០០គីឡូក្រាម បង្កប់ក្នុងនោះ។

នៅក្នុងសវនាការ តាមរយៈអ្នកបកប្រែភាសារវៀតណាម ជនជាប់ចោទបានបដិសេធថា ខ្លួនមិនមែនជាម្ចាស់ទំនិញទាំងនោះទេ ហើយក៏មិនមែនជានាយកក្រុមហ៊ុនដែរ។

ជនជាប់ចោទ បាននិយាយថា ខ្លួនត្រូវថៅកែឈ្មោះ លី ហ៊័រវុន ឈ្មោះ វ៉ាង ទីងហ្វឹង និងឈ្មោះ លី ហ្វាងយុន ឲ្យ​ឈរឈ្មោះជានាយកក្រុមហ៊ុនតែប៉ុណ្ណោះ ដោយស៊ីប្រាក់ខែ១០០០ដុល្លារ ក្នុងមួយខែ។

តាមសេចក្ដីរាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងសន្តិសុខចិន បានផ្ដល់ព័ត៌មានមកថា មានកុងតឺន័រចំនួន៣ ផ្ញើមកពីប្រទេសអាក្វាឌ័រ ឆ្លងកាត់កោះហុងកុង ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសវៀតណាម តម្រង់ឆ្ពោះមកប្រទេសកម្ពុជា មានបង្កប់កាកូអ៊ីនទម្ងន់១២០០គីឡូក្រាម នៅក្នុងសាច់ត្រីសមុទ្រ ហើយអ្នកដែលចុះហត្ថលេខាទទួលកាន់ទូរស័ព្ទលេខ ០៧១ ៧៤៥៧ ៩៧៩ មានចុះបញ្ជីនៅកម្ពុជា ហើយគ្រឿងញៀនទាំងនេះ អាជ្ញាធរចិន បានរឹបអូស១១០០គីឡូ ដោយបញ្ជូនកុងតឺន័រសាច់ត្រី និងគ្រឿងញៀនតែ១០០គីឡូប៉ុណ្ណោះ មកកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនម្ចាស់ទំនិញ។

ទោះបីក្នុងសវនាការជនជាប់ចាប់ចោទ បានបដិសេធមិនទទួលស្គាល់ទំនិញនេះក្ដី តែតំណាងអយ្យការដោយយោងលើភស្តុតាង និងឯកសារពាក់ព័ន្ធនានា បានធ្វើសេចក្ដីសន្និដ្ឋានចោទប្រកាន់ក្រុមជនត្រូវចោទពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ហើយស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ​សម្រេចតាមច្បាប់។

លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្ រះ​បានសម្រេចលើកពេលទៅប្រកាសសាលក្រម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post