header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ដែលទើបនឹងត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះដៃ បញ្ជូនឡើងតុលាការតាមដីកាបង្គាប់ឲ្យ​ចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើឆបោកនិស្សិតរាប់សិបនាក់ ហើយត្រូវបានចៅក្រមសម្រេចដោះលែងវិញ ដោយសារព្រមសងលុយទៅដើមបណ្ដឹង ឥឡូវត្រូវបានអ្នកជិតខាងប្ដឹងមកតុលាការព្រហ្មទណ្ឌមួយករណីទៀត ពាក់ព័ន្ធនិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា និងរំលោភបំពានលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត។

ជនសង្ស័យ ដែលត្រូវបានអ្នកភូមិជាប់របងផ្ទះ​ប្ដឹងនេះ ឈ្មោះ ហាក់ ចាន់នី ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ ហាក់ ចាន់ធា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ ៤៤៧ ផ្លូវលំភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ដើមបណ្ដឹងក្នុងរឿងក្ដីថ្មីនេះ ឈ្មោះ ឆេង សារ៉ន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅផ្ទះលេខ៩៣ ផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមអង្គហេតុនៃរឿងបានបង្ហាញថា កាលពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០០៩ ឈ្មោះ ហាក់ ចាន់នី បានព្រមព្រៀងលក់ដី១ឡូតិ៍មានទំហំ ៨,៥០ម៉ែត គុណនិង២៥ម៉ែត ស្ថិតក្នុងក្រុម២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយបានផ្ទេរកម្មសិទ្ធិទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានយ៉ាងត្រឹមត្រូវ។ ក្រោយពីបានទទួលសិទ្ធិកាន់កាប់ហើយលោក ឆេង សារ៉ន បានធ្វើរបងសសរដែកបាំងដោយលួសបន្លា និងស័ង្កសី មានទ្វារដែកចេញចូលទៀតផង ស្រាប់តែ១០ឆ្នាំក្រោយមក នៅយប់ថ្ងៃទី១ កញ្ញា ឆ្នាំ២០១៨ ឈ្មោះ ហាក់ ចាន់នី និងហាក់ ចាន់ធា ជាបងប្អូនបង្កើត បានយកម៉ាស៊ីនកាត់ដែក មកលួចកាត់យកដែករបង បន្លាលួស និងស័ង្កសីដឹកចេញពីដីរបស់ឈ្មោះ ឆេង សារ៉ន ទៅអស់ ហើយថែមទាំងរៀបរបងបេតុងថ្មីបិទច្រកទ្វារចេញចូលក្នុងដីគេថែមទៀត ទើបឈ្មោះ ឆេង សារ៉ន បានប្ដឹងឡើងមកសាលាសង្កាត់ និងប្ដឹងមកអយ្យការអមសាលាដំបូងឲ្យ​ចាត់ការជនសង្ស័យតែម្ដង។

ឥឡូវរឿងក្ដីថ្មីនេះ កំពុងស្ថិតនៅក្នុងការពិនិត្យរបស់ព្រះ​រាជអាជ្ញាអមតុលាការ ដើម្បីកំណត់ពេលកោះហៅដើមបណ្ដឹង និងជនសង្ស័យមកសាកសួរ សម្រេចតាមច្បាប់។

គួរំឭកថា ប៉ូលិសខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ បានចាប់ឈ្មោះ ហាក់ ចាន់នី ដាក់ខ្នោះដៃបញ្ជូនមកតុលាការតាមដីកាបង្គាប់ឲ្យ​ចាប់ខ្លួនរបស់ចៅក្រម ថ្លាង ផាណែត ពាក់ព័ន្ធនឹងករណីឆបោកនិស្សិតរាប់សិបនាក់ ក្នុងម្នាក់ៗជាង៦០០០ដុល្លារ ប៉ុន្តែក្រោយមកចៅក្រមបានសម្រេចដោះលែងឲ្យ​ជនជាប់ចោទរូបនេះ មានសេរីភាពវិញ ដោយសារតែព្រមសងប្រាក់ទៅដើមបណ្ដឹងវិញទាំងអស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post