header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបភាពឯកឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធានទីស្នាក់ការព្រំដែនទាំង៨ កងកម្លាំង ព្រមទាំងតំណាងម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេដែលមានមូលដ្ឋានក្នុងជុំវិញខេត្ត នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពុំមែនជាកិច្ចការផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ ជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ទើបការងារនេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ហើយប្រសិនបើខ្វះការចូលរួមដោយពេញលេញពីភាគីណាមួយនោះ ទាំងរដ្ឋក្ដី និងឯកជនក្ដី នោះនឹងធ្វើឲ្យយើងពិតជាមានការលំបាកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលធ្វើឲ្យបញ្ហានេះ ក៏នៅតែជាជំងឺមហារីកដែលជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់យុវជន និងប្រជាជន ក៏ដូចជាប្រទេសជាតិរបស់យើង ។

យ៉ាងដូច្នេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ហើយបច្ចុប្បន្នកំពុងអនុវត្តនៅក្នុងដំណាក់កាលទី៣ ដែលឯកឧត្ដមសូមសម្ដែងនូវការកោតសរសើរ និងអរគុណ ចំពោះការចូលរួមសហការយ៉ាងល្អប្រសើររបស់អស់លោក លោកស្រីដែលជាម្ចាស់អាជីវកម្មទាំងអស់ ជាមួយនឹងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តនាពេលកន្លងមក ដោយបានធ្វើឲ្យការអនុវត្តផែនការយុទ្ធនាការនេះ នៅគ្រប់ដំណាក់កាល ទទួលបានលទ្ធផលគួរជាទីមោទនៈ ទាំងលើការងារផ្សព្វផ្សាយអប់រំ វិធានការរដ្ឋបាល និងការងារអនុវត្តច្បាប់ ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណចំពោះម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និងខារ៉ាអូខេ ចំនួន ១៥៤ទីតាំង នៅក្នុងខេត្ត ដែលបានសហការចុះកិច្ចសន្យាស្ដីពីកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយស្នងការដ្ឋាននគរបាលដ្ឋានខេត្តរួចហើយ និងសូមស្នើដល់ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ដែលមិនទាន់បានចុះកិច្ចសន្យា សូមចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្តអនុវត្តកិច្ចការនេះ ឲ្យបានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ  ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការរដ្ឋបាលឲ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត និងស្នើដល់ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ ទាំងអស់ត្រូវចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ជាមួយកម្លាំងសមត្ថកិច្ច ដោយមិនត្រូវមានការលាក់បាំងព័ត៌មានណាមួយនោះទេ ហើយក្នុងករណីមានការសង្ស័យថាមានករណីជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ដើម្បីមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕  ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post