
ភ្នំពេញៈ ព្រឹទ្ធសភា បានស្នើឲ្យក្រសួងចំនួន៣ ពន្លឿនការងារ និងធ្វើកំណែទម្រង់ការងាររបស់ខ្លួន ដើម្បីអភិវឌ្ឍន៍គោលនយោបាយស្របតាមយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាលក្នុងអាណាត្ដិថ្មី នីតិកាលទី៦។
ក្នុងពីធីបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នាថ្ងៃទី២៤ ខែតុលា នេះ លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មការជំនាញទាំង១០ ក្រុមភូមិភាគទាំង៨ និងសមាជិការព្រឹទ្ធសភា បានចុះតាមវិស័យរបស់សមាជិកនីមួយៗ ដែលទទួលបាននូវព័ត៌មានពីមូលដ្ឋានជាច្រើន ដើម្បីធ្វើការស្នើសុំទៅក្រសួងពាក់ព័ន្ធនានា ក្នុងការពន្លឿនការងារ និងធ្វើកំណែទម្រង់ការងាររបស់ខ្លួនក្នុងអាណាត្ដិថ្មីនេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជននៅទូទាំងប្រទេស។ លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា ការស្នើពន្លឿនការងារ និងធ្វើកំណែទម្រង់ការងាររបស់ខ្លួនក្នុងអាណាត្ដិថ្មីនេះ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបានបន្ដថា ការស្នើឲ្យក្រសួងមហាផ្ទៃ គឺបន្ថែមការធ្វើអត្ដសញ្ញាណប័ណ្ណ ការសាងសង់អគារពន្ធនាគារ និងជំរុញការបង្រ្កាប និងទប់ស្កាត់ការផលិតគ្រឿងញៀនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកបានបន្ដទៀតថា ការស្នើក្រសួងសុខាភិបាល គឺពង្រឹងទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ដើម្បីការឆ្លងជំងឺអេដស៍មានថយចុះ និងការស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺបើកវគ្គបណ្ដុះបណ្ដាលនៅថ្នាក់ក្រោមជាតិ ដើម្បីឲ្យស្មៀន និងជំនួការស្មៀនបានយល់ដឹងអំពីធ្វើផែនការចំណូលចំណាយ និងផែនការអភិវឌ្ឍមូលដ្ឋាន ដែលស្ថិតក្រោមជាតិនេះអោយកាន់តែល្អ ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ តាមសំណូមពររបស់ប្រជាពរដ្ឋ និងរាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា ការស្នើសុំនឹងអោយក្រសួងទាំង៣នេះ អនុវត្ដនោះ ក្រោយពីព្រឹទ្ធសភាអនុម័តរបាយការណ៍រួចហើយ នឹងដាក់ជូនទៅតាមក្រសួងពាក់ព័ន្ធ ជាពិសេសដាក់ជូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីអោយពួកគាត់បានជ្រាប និងឆ្លើយតបការស្នើសុំរបស់ព្រឹទ្ធសភា។


សូមបញ្ជាក់ថា ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៣ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយចំនួន ៥ករណី ទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងចំនួន ២ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន ២ករណី ទទួលឯកសារជូនជ្រាបពីក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនព្រឹទ្ធសភាចំនួន ១៩ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងអំពីចំណាត់ការរបស់គណៈកម្មការចំនួន ២ករណី ព្រមទាំងធ្វើលិខិតរំលឹកជំរុញការដោះស្រាយពាក្យបណ្តឹងបានចំនួន ២ករណី។
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគនានា បានអញ្ជើញចុះឈ្វេងយល់អំពីវឌ្ឍនភាព ព្រមទាំងផ្តល់ និងស្រាវជ្រាវប្រមូលព័ត៌មានអំពី បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១០លើក នៅខេត្តព្រៃវែង តាកែវ កំពត កែប ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន ឧត្តរ-មានជ័យ សៀមរាប និងរាជធានីភ្នំពេញ៕