header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្សប្រុសស្រី៣នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នាដើរលេង ក៏ត្រូវក្រុមចោរមានគ្នា៣នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីម្នាក់ដែលអង្គុយខាងក្រោយ បានសម្រេច អស់លុយខ្មែរចំនួន១លានរៀល និងលុយដុល្លារចំនួន៣០០ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង២៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៧ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ ប្រុសម្នាក់ និងស្រី២នាក់ ជិះម៉ូតូម៉ាក MSX ពណ៌ស មិនចាំស្លាកលេខ បើកបរមកតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្រុមចោរ៣នាក់ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរស្របទិសដៅគ្នា ក្នុងទិសដៅពីកើតទៅលិច ជិះមកអែបក្បែរជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបពីអ្នកអង្គុយខាងក្រោយ បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្តិភាព មិនរំខានដល់កម្លាំងល្បាតប៉ុស្តិ៍​រដ្ឋបាល​ផ្សារថ្មី២ទេ ភ្លាមៗនោះដែលពួកគេក៏បានស្រែកថា ចោរៗដែរ និងជិះដេញតាមដែរ ប៉ុន្តែតាមមិនទាន់ពួកចោរទាំងនោះឡើយ។

ជនរងគ្រោះបាននិយាយថា សម្ភារៈបាត់បង់ មានលុយខ្មែរចំនួន១លានរៀល និងលុយដុល្លារចំនួន300ដុល្លារ អត្តសញ្ញាណប័ណ្ណខ្មែរចំនួន១សន្លឹក លិខិតឆ្លងដែនចំនួន១ច្បាប់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋផ្សារថ្មី២ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post