header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស​ម្នាក់ជាមន្ត្រីនគរបាល​ផ្នែកខាងមន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បានដក​កាំភ្លើង​ខ្លី​មួយ​ដើម​វាយទៅ​លើ​បុរស​ម្នាក់​ទៀត ​បណ្តាលឲ្យ​បែក​ក្បាល​ហូរឈាមស្រោចខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ប៉ះ​គ្នា​បន្តិច​បន្តួច​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ កើត​មាន​ឡើង​កាលពីវេលា​ម៉ោង​៩និង៤០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងកើងផ្សារ ហេង​លី ​ប្រមាណ២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

ជនរងគ្រោះ​ឈ្មោះ​ ហេង​ ទិក​ ភេទប្រុស​ អាយុ​៤៨ឆ្នាំ​ ជាអ្នករត់ម៉ូតូឌុប​ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​។ ​ចំណែក​ជនបង្ក​មាន​វ័យជាង៥០ឆ្នាំ​ មិន​បាន​ស្គាល់​ឈ្មោះ​នោះទេ​ គ្រាន់​តែ​ដឹង​ថា ​ជាមន្ត្រី​នគរបាល​ខាង​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជា​ជនបង្ក​បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាភីស៊ីអ៊ិច​ ពណ៌ខ្មៅ​ មិនចាំស្លាកលេខ​ និងមានម៉ូតូបើកដេញតាមពីក្រោយមួយគ្រឿងទៀតម៉ាក​ ហុងដាហុងដា​ ស៊េរី២០១០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FI-3685​ បើកបរ​ដោយបុរសជាជនរងគ្រោះ​ និងម៉ូតូមានសភាពបែកកាបាំងផ្នែកខាងស្តាំ។ ដោយម៉ូតូទាំងពីរគ្រឿង បានបើកប្រដេញគ្នា​ តាមបណ្ដោយ​ផ្លូវ​២៧១​ ក្នុង​ទិសដៅ​មក​ពី​ស្ពាន​អាកាស​៧មករា ​ឆ្ពោះឡើងទៅ​ស្តុប​ណូគា​ លុះមកដល់ចំណុចកើតហេតុ​ ម៉ូតូទាំង២គ្រឿង ​ក៏បានឈប់​ ចុះនិយាយគ្នាយ៉ាង​តឹង​សរសៃ​ក​រៀងៗ​ខ្លួន​។

បន្ទាប់​មកស្រាប់តែជនបង្កបានដកកាំភ្លើងខ្លីមួយដើមម៉ាក​ K54​ ចេញពីចង្កេះ​ យកវាយទៅលើក្បាលរបស់ជនរងគ្រោះ បណ្តាលឲ្យបែកឈាមហូរ​ស្រោច​ខ្លួន​ ហើយក៏​កើតជាការប្រតាយ​ប្រតប់គ្នា​ឡើង​។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែជនបង្កបានដកលុយ​ចំនួន​២០០ដុល្លារ​អោយ​ទៅជនរងគ្រោះ​ រួច​ក៏​ឡើងម៉ូតូជិះចេញ​ទៅ​ផ្ទះ​របស់​ខ្លួន​ ​នៅ​ត្រង់​ចំណុចផ្ទះអត់លេខ​ ផ្លូវ​៣៧១សឡា ស្ថិតក្នុងសង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ​។ ខណៈអ្នកដែល​ឃើញ​ហេតុ​ការណ៍​បានរាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ ហើយ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន ​ក៏​បាន​ចុះ​ទៅធ្វើការឃាត់ខ្លួនជនបង្ក​ដល់ផ្ទះរបស់ភ្លាមៗ​ រួច​នាំ​យក​ទៅ​សាក​សួរ​នាំ​នៅ​ឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​តែម្តង។

បើតាមសម្តី​​ជន​រង​គ្រោះ​ បាន​រៀប​រាប់​ប្រាប់​ឲ្យដឹង​ថា​ មុន​ពេលកើតហេតុ​ គាត់​បានជិះម៉ូតូ​តាមបណ្ដោយ​ផ្លូវ​៥៩៨​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះមកដល់ចំណុចខាងក្រោម ស្ពាន​អាកាស​៧មករា​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ស្រាប់តែជនបង្កបានជិះម៉ូតូ​មួយគ្រឿងទៀត​មកបុក​ម៉ូតូរបស់គាត់ បណ្តាល​ឲ្យដួលរងការខូចខាតបែកកាបាំង​។ ភ្លាមៗនោះជនបង្កខាងលើមិនបានឈប់ ដើម្បីធ្វើការដោះស្រាយគ្នានោះទេ​ គឺបានព្យាយាមបើកម៉ូតូរត់គេចខ្លួន​ ហើយគាត់​ក៏បានលើម៉ូតូជិះដេញតាមពីក្រោយ​រហូតមកចំណុចកើតហេតុខាងលើ​ ទើបជនបង្ករូបនោះព្រមឈប់ម៉ូតូ​។ បន្ទាប់​មកគាត់ ក៏បាននិយាយ​សម្របសម្រួល​គ្នា ​ដើម្បី​ឲ្យជនបង្កចេញសំណង​ថ្លៃការខូចខាតមកឲ្យរូបគាត់​ តែពេលនោះស្រាប់​តែជនបង្កបានដកកាំភ្លើងខ្លី​មកវាយក្បាល​រូបគាត់បណ្តាល​ឲ្យ​បែក​ និងបម្រុងនឹងបាញ់រូបគាត់ទៀតផង ភ្លាមនោះគាត់ក៏​ស្រវេស្រវា​ចាប់កាំភ្លើង​ រួចមួយសន្ទុះក្រោយ​មក​ជនបង្កក៏បានដកលុយចំនួន២០០ដុល្លារ​មកអោយគាត់​ ហើយក៏ជិះម៉ូតូចេញទៅបាត់។

បច្ចុប្បន្ន​ជនរងគ្រោះ​និង​ជនបង្ក​ត្រូវ​រួម​ទាំង​វត្ថុ​តាង ​ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំ និងឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post