header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ: បុរស និងស្រ្តីពីរនាក់ប្តីប្រពន្ធ បើកបរគោយន្តកន្រ្តៃទៅទិញជំនៀរឈើ នៅតំបន់ព្រៃ រួចវិលត្រឡប់មកផ្ទះវិញ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចតំបន់សូងសាង ជាអកុសលគោយន្តដាច់កង់ កាត់ទទឹងផ្លូវ ហើយត្រូវរថយន្តមួយគ្រឿងមកដល់បុក បណ្តាលឲ្យក្រឡាប់គោយន្ត ហើយជំនៀរឈើបានសង្កត់លើស្ត្រីជប្រពន្ធស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណជា១១និង១៥ ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសូងសាង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ស្ត្រីរងគ្រោះមានឈ្មោះ ផុន ផល់ អាយុ ជាង ៣០ឆ្នាំ ត្រូវស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកបុរសជាប្តីមានឈ្មោះប៉ាល់ ពេញ អាយុជិត៤០ឆ្នាំ ទីលំនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ពីរនាក់ប្តីប្រពន្ធបានលើកជំនៀរឈើពុះដាក់លើគោយន្តកន្រ្តៃ ដើម្បីដឹកវិលត្រឡប់មកលំនៅឋានវិញ លុះដល់ចំណុចកើតហេតុ ស្រាប់តែគោយន្តកន្រ្តៃនោះ ដាច់កង់ មុខ រេចង្កូតទទឹងថ្នល់ ធ្លាក់ប្រពន្ធមកលើដី ពេលនោះ គេឃើញមានរថយន្តកាមរីហើមមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ បោះពួយយ៉ាងលឿនក្នុងទិសដៅស្របគ្នា ក៏បុកគោយន្តកន្រ្តៃជំនៀរឈើនោះយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ សង្កត់លើស្រ្តីដែលជាជនរងគ្រោះស្លាប់នៅ នឹងកន្លែងកើត ។

រំពេចនោះ តៃកុងរថយន្តឃើញដូច្នោះ ក៏ដាក់មេប្រូច គេចខ្លួនរត់បាត់ស្រមោលតែម្តង ក៏ប៉ុន្តែប្រជាពលរដ្ឋរស់នៅជិតកន្លងកើតហេតុ បានស្គាល់ថា ឈ្មោះ ម៉ាញ អាយុ៤៨ មុខរបរកាប់គោ មានទីលំភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

បច្ចុប្បន្ន វត្ថុតាងសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកសាសពស្ត្រីរងគ្រោះ សាច់ញាតិដឹកយកមកធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post