header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ក្រុមហ៊ុន “SKឥណ្ឌា” បានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលដាំដំណាំកសិឧស្សាហកម្មដូចក្រុមហ៊ុនផ្សេងៗ ស្ថិតក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញទិដ្ឋភាពក្រុមហ៊ុន SK មួយនេះ ពុំឃើញមានសកម្មភាពដាំដុះដំណាំអ្វីជាដុំកំភួនទៅតាមលក្ខណៈបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចេញអាជ្ញាប័ណ្ណឲ្យនោះឡើយ។

បើតាមដឹង ច្បាប់វិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល គឺដីមានកុងត្រា ត្រូវការឈូសឆាយដាំដុះតំបន់ណាក្នុងមួយឆ្នាំៗ ត្រូវឆ្លើយតបទៅរាជរដ្ឋាភិបាលថា បានដំណាំអ្វីខ្លះនិងបានប៉ុន្មានហិកតា?

ហើយការឈូសឆាយនេះ មានរយៈពេលជាច្រើនឆ្នាំកន្លងមកហើយរហូតមកទល់ពេលនេះពុំទាន់ឃើញដាំបានអ្វីសោះមើលទៅឃើញវាលរហោឋាន តែបែរមកលេចធ្លោ ករណីពាក់ព័ន្ធជាមួយឈ្មួញឲ្យប្រើប្រាស់ក្រុមហ៊ុន ដើម្បីលួចលាក់ឈើ ហើយរត់ទៅហែត PC ឃុបឃិត និងថ្នាក់លើមួយចំនួន និងការកាប់ទន្ទ្រានបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងពេញបន្ទុកទៅវិញ។

ជាក់ស្តែងឈើធំៗនៅក្នុងដីសង្គមកិច្ចរបស់រដ្ឋជាប់ព្រំប្រទល់ក្រុមហ៊ុននេះជាដើម បានរងនូវការបាត់បង់ស្ទើរតែទាំងស្រុង។ មិនតែប៉ុណ្ណោះគេសង្កេតឃើញថ្មីៗនេះ មានរថយន្តយីឌុបកង់ដប់ប្រមាណ៣-៤គ្រឿង និងរថយន្តស្ទូចមួយគ្រឿងចូលទៅក្នុងក្រុមហ៊ុន “SKឥណ្ឌា”ទំនងបម្រុងដឹកជញ្ជូនឈើចាស់ ដែលនៅសេសសល់ក្នុងក្រុមហ៊ុនមួយនេះចេញ។

ដោយឮថា នៅបន្សល់ឈើរាប់ពាន់ម៉ែត្រគូបឯណោះ ត្រូវនាំចេញជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលដាច់ទឹកភ្លៀងដ៏ខ្លីខាងមុខនេះ។

មួយវិញទៀត តាមប្រភពពីប្រជាពលរដ្ឋដែលបណ្តើរសត្វឆ្កែក្នុងដីសង្គមកិច្ចខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ពួកគេប្រទះឃើញឈើជាច្រើនគំនរសុទ្ធតែប្រភេទឈើប្រណីត សុក្រំ កកោះ និងធ្នង់ អារឃ្លុំស្រេចប្រវែង 0.50m, 0.60m, 0.80m, 1.00m, ទៅ1.20m និងមានមុខកាត់ចម្រុះ(20,30,40ក្លុំ)។ល។ ដ៏ច្រើនសន្ធឹកសន្ធាប់ រាប់ពាន់កំណាត់ ដែលប្រមាណមិនក្រោមពីរយម៉ែត្រគូបនោះឡើយ ដែលក្រុមឈ្មួញយកមកស្តុកលាក់ទុកយ៉ាងស្ងៀមស្ងាត់ នៅត្រង់ចំណុចដីសង្គមកិច្ចឃ្លាតឆ្ងាយពីដីក្រុមហ៊ុន “SKឥណ្ឌា”ខាងលើនេះ ចម្ងាយប្រមាណជាងមួយរយម៉ែត្រប៉ុណ្ណោះ។

ប្រភពដដែលបន្តថា ឈើទាំងនោះគេសង្ស័យថា ក្រុមឈ្មួញបានទិញ និងដឹកជញ្ជូនចេញពីម្តុំព្រៃធម្មជាតិខាងជើងទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពីប៉ុន្មានខែមុននេះ តាមគោយន្តកន្ត្រៃមកស្តុកទុកក្បែរដីក្រុមហ៊ុន រង់ចាំឱកាសល្អដាក់បន្លំ និងឈើក្រុមហ៊ុនចាស់ ដែលបម្រុងនាំចេញ បន្ទាប់ពីបានច្បាប់ PC រួចហើយ។ ប៉ុន្តែក្រោយពីប្រទះឃើញគំនរឈើទាំងនោះហើយ ប្រជាពលរដ្ឋក៏បានរាយការណ៍ជាបន្តបន្ទាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់។

រហូតមកដល់ថ្ងៃ១៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ លោក រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ បានដឹកនាំកងកម្លាំងចូលរឹបអូសយកឈើមិនស្របច្បាប់ទាំងនោះមករក្សាទុកបានចំនួនពីរកូនគោយន្តខ្នាតតូចប្រមាណ៣០ទៅ៤០ដុំប៉ុណ្ណោះ នៅសល់ឈើមួយចំនួនធំមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាបបន្ត ធ្វើឲ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា គេបង្ក្រាបគ្រាន់តែបង្គ្រប់កិច្ច ហើយដកឃ្លាមកធ្វើការចរចា ទុកឈើទាំងនោះឲ្យឈ្មួញវិញម៉ាចំនួនធំ។ ពីព្រោះខណៈពេលនៃការចុះបង្ក្រាបគេឃើញអ្នករត់ការម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ប្រុស  (អ្នកភូមិក្របីជ្រុំ) រត់ហែក PC នៅភ្នំពេញ ដើម្បីបំពេញលក្ខណៈច្បាប់ធ្វើអាជីវកម្មយកឈើខុសច្បាប់ទាំងនេះ នាំចេញដោយជ្រក​ក្រោមស្លាក​ក្រុមហ៊ុន “SKឥណ្ឌា” ព្រមទាំងការស្តារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ជាដើម។

ប្រតិបត្តិការចុះបង្ក្រាបនាខណះនោះផងដែរ លោកមេបញ្ជាការបានឲ្យអ្នកសារព័ត៌មានយើងដឹងថា លោកនឹងប្រមូលឈើខុសច្បាប់ទាំងនោះមិនឲ្យសល់ សូម្បីមួយកំណាត់ ហើយឈើទាំងនេះលោកនិងនាំទៅរក្សាទុកនៅទីបញ្ជាការស្រុកកូនមុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែករថយន្តយីឌុបប៉ុន្មានគ្រឿង ដែលលូនក្បាលចូលទៅស្ងាត់ៗចតចាំដាក់ឈើក្នុងក្រុមហ៊ុន SK ឮសូរថា សមត្ថកិច្ចនិងចូលចាប់បង្ក្រាបកំណាត់ឈើក្បែរក្រុមហ៊ុនមួយនេះ ពួកគេក៏បត់ក្បាលចេញពីក្រុមហ៊ុនវិញយ៉ាងប្រញាប់ប្រញា​ល់ទាំង​ព្រលឹងចុងសក់ ហាក់ដូចជាដឹងសភាពការណ៍មុន កាលពីយប់ថ្ងៃទី២១ ខែតុលា ពីព្រោះខ្លាចមានការពាក់ព័ន្ធយ៉ាងណានោះ? ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post