header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានអំពាវនាវដល់ម្ចាស់អាជីវករដឹកទំនិញ ដែលប្រើប្រាស់រថយន្ដធំៗ ធ្វើដំណើរចូលរាជធានីភ្នំពេញ នាថ្ងៃដែលរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ហើយសម្រាប់អ្នកដែលមកកម្សាន្ដ ក៏កុំជិះរថយន្ដចូលទៅបរិវេណទីតាំងប្រារព្ធពិធីផងដែរ ព្រោះចៀសវាងការកកស្ទះចរាចរណ៍។

ការអំពាវនាវរបស់លោក ឃួង ស្រេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសចុះពិនិត្យការរៀបចំប្រទីប របស់សាលារាជធានីភ្នំពេញ  នៅព្រះនាងប្រាជ្ញាបារមី​ ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ។      

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាប និងជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចូលរួមសប្បាយភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក មេត្ដាស្ដាប់តាមការណែនាំរបស់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដី ដើម្បីរៀបចំទុកដាក់រថយន្ដ និងធ្វើចរាចរណ៍ ហើយយើងនឹងមានបិទតំបន់ខ្លះ ដើម្បីទុកជូនដល់សាធារណជន ធ្វើដំណើរដោយថ្មើរជើង»។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការប្រណាំងទូកសាកល្បង ហើយនឹងមានរៀបចំពិធីក្រុងពាលី តាមបែបប្រពៃណីនៅវត្តភ្នំ ដើម្បីសុំសេចក្ដីជូនប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជពិធីទាំងមូល។

ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ កម្លាំងមានសមត្ថកិច្ចនឹងពង្រាយនៅតាមតំបន់A B និងC រហូតដល់ជាង១ម៉ឺននាក់ ក្នុងនោះ កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់។

ប្រទីបរដ្ឋបាលរាជធានីបានត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅថ្ងៃទី២១ដល២៣វិច្ឆិកាខាងមុខជាមួយប្រទី១៤ទៀតនៅទន្លេមុខព្រះបរមរាជវាំង។ ឆ្នាំនេះមានប្រទីបចំនួន១៥ដែលឆ្នាំកន្លងមកមានតែ១៣ តែឆ្នាំនេះបន្ថែមប្រទីប២ទៀត ក្នុងនោះមួយគ្រឿងរបស់ក្រសួងវប្បធម៌និងវិចិត្រសឹល្បះ និងទី២ប្រទីបក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា។

គួរបញ្ជាកដែរថា​ រដ្ឋបាលរាជធានីបានតុបតែងលម្អតាមសួនច្បារនៅត្រើយខាងកើត រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំកន្លែង​ស្នាក់​ជូន​បងប្អូន​ចំណុះ​ទូក​ ដោយមានតភ្ជាប់ជូននូវទឹកស្អាត ភ្លើងអគ្គិសនី បង្គន់អនាម័យ បន្ទប់ទឹក និងកន្លែងសង្គ្រោះបឋមក្នុងតំបន់នេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post