ស្វាយរៀងៈ ក្រុមការងារលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ និងមន្រ្តីនគរបាលយុត្តិធម៌ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណារ៉ា ប្រធានលេខាធិការដ្ឋាន និងជាមន្រ្តីនគរបាលយុត្តិធម៌ មន្ទីរសុខាភិបាល និងមានការចូលរួមសហការពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងជាប្រធានអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ក្រុងបាវិត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះបិទមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅក្រុងបាវិត ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាតជារៀងរាល់ថ្ងៃ។
មន្ត្រីលេខាធិការដ្ឋានម្នាក់ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអញ្ជើញម្ចាស់សេវាមន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង ដែលបើកពិនិត្យព្យាបាលអត់ច្បាប់អនុញ្ញាត មកបំភ្លឺ បង់ប្រាក់ផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់សេវាសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ម្តងរួចមកហើយ។ ប៉ុន្តែ ម្ចាស់សេវាខុសច្បាប់មួយនេះ មិនព្រមមកបង់ប្រាក់ពិន័យ ហើយនៅតែបន្តការផ្តល់សេវា ដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ។
បន្ទាប់មកនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលបានចេញលិខិតអញ្ជើញមួយទៀត អញ្ជើញម្ចាស់សេវាខុសច្បាប់មួយនេះ មកបង់ប្រាក់ពិន័យ និងទទួលការណែនាំជាលើកចុងក្រោយ ក្នុងការស្នើសុំច្បាប់បើកសេវាឯកជនមួយនេះទៅក្រសួងសុខាភិបាល និងបញ្ឈប់ការផ្តល់សេវាមួយរយៈសិន រហូតដល់មានការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល។
ទោះបីជាបានធ្វើកិច្ចសន្យាចំនួន២ដង រួចមកហើយក្តី មន្ទីរសម្រាកព្យាបាល សោភ័ណអូវ៉ាង នៅតែមិនព្រមបញ្ឈប់ការផ្តល់សេវារបស់ខ្លួនទេ ថែមទាំងទទួលព្យាបាលជំងឺធ្ងន់ៗ និងបង្កឲ្យមានអ្នកជំងឺស្លាប់ទៀតផង។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែ១២ ឆ្នាំ២០១៨ អ្នកជំងឺឈ្មោះ គឹម ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានអាការៈ ចុកពោះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល សោភ័ណ្ឌអូវ៉ាង គ្មានច្បាប់នេះ ប្រហែលម៉ោង៤ភ្លឺ។ ចូលមកដំបូង គ្រូពេទ្យបានដាក់សេរ៉ូម ប៉ុន្តែចាក់សរសៃមិនចូលសោះ រហូតដល់ម៉ោង៥ជាង ទើបចាក់សេរ៉ូមចូល រួចចាក់ថ្នាំ ១ម្ជុល ឲ្យថ្នាំលេបម្តង។ មួយសន្ទុះអ្នកជំងឺមានអាការៈ ចុកខ្លាំង ចាប់ផ្តើមប្រកាច់លេសឡះ គ្លីនិកក៏បញ្ជូនតាមរថយន្តសង្រ្គោះទៅស្វាយរៀង។ ប៉ុន្តែទៅមិនទាន់ដល់ជីភូផង អ្នកជំងឺដាច់ខ្យល់ស្លាប់ទៅ រួចក៏ដឹកសពត្រឡប់មកវិញ។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណា អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះទៅស្រាវជ្រាវករណីនេះដល់ផ្ទះសព និងដល់គ្លីនិក ដើម្បីប្រមូលព័ត៌មានករណីស្លាប់នេះ។ លុះដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលបាន សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងអាជ្ញាធរដែនដី ចុះបិទគ្លីនិកនេះតែម្តង។
មន្ត្រីលេខាធិការដ្ឋាននេះបញ្ជាក់ថា ដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នេះឲ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត សមត្ថកិច្ចមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ បើពុំដូច្នោះទេ សេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្តស្វាយរៀង នឹងរីកស្គុះស្គាយដូចផ្សិតជាក់ជាមិនខាន៕