Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តបញ្ជាក់អំពី​សេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមានហើយ អ្នកនយោបាយដែលជាប់បម្រាម អាចធ្វើនយោបាយបាននោះទេ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ខណៈដែលមានមតិមួយចំនួនបានធ្វើការ បកស្រាយខុសពីគោលការណ៍ ដែលច្បាប់បានកំណត់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ធ្នូ យ៉ាងដូច្នេះថា ខ្ញុំមិនចង់តបតជាមួយអ្នកណានោះទេ ប៉ុន្តែខ្ញុំមិនចង់ឲ្យខ្មែរយើងបន្តចាញ់បោកអ្នកណាទៀតទេ។ រឿងជម្លោះរបស់អ្នកដទៃ បក្សដទៃ ក្រុមដទៃ ទុកឲ្យគេទាស់គ្នាទៅ។ វាបានចេញច្បាប់មកហើយ កុំចាំបាច់មនុស្សម្នាក់ ឬពីរនាក់ ក្លាយជាមនុស្សម្នាក់នោះវាទៅមិនរួចទេ!។

សម្តេចបញ្ជាក់ថា «ប៉ុន្តែអ្វីដែលខ្ញុំសូមផ្តាំ នៅក្នុងពេលនេះ ច្បាប់ស្តីពីការផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីតាមសំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅព្រះមហាក្សត្រ ត្រូវបានព្រឹទ្ធសភាអនុម័តរួចហើយ បន្ទាប់ទៅត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយពេលក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ នឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហត្ថលេខា»

សម្តេចបន្តថា “ខ្ញុំសូមបញ្ជាក់សារជាថ្មីចំពោះមនុស្សមួយចំនួន ដែលធ្វើមិនយល់ថា ច្បាប់នេះធ្វើសម្រាប់បណ្តាគណបក្សនយោបាយទាំងអស់ នៅពេលខាងមុខ មិនមែនតម្រូវមនុស្សមួយក្រុមណាជាក់លាក់នោះទេ។ ពិតហើយមនុស្សមួយចំនួនកំពុងជាប់បម្រាមនេះ! (មន្ត្រីបក្សប្រឆាំង) មិនមែនច្បាប់នេះ ចេញហើយរួចខ្លួននោះទេ អ្នកឯងត្រូវធ្វើការសុំម្តងម្នាក់ មិនមែនសុំមួយកញ្ចប់ទេ។ ផ្តាំឲ្យហើយ អ្នកឯងអាចជ្រើសរើសទៅ អ្នកឯងអាចស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកសំណើទៅនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីលើកសំណើថ្វាយទៅព្រះមហាក្សត្រ។ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងបម្រាមនោះ! នេះជាជម្រើសទី១»

សម្តេចបន្តថា ជម្រើសទី២.អ្នកជាប់បម្រាមអាចលើកសំណើទៅផ្ទាល់នាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី បញ្ជូ​នទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យថា ត្រឹមត្រូវតាមលក្ខខណ្ឌឬអត់   រួចហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកសំណើមកនាយករដ្ឋមន្ត្រី ដើម្បីលើថ្វាយទៅព្រះមហាក្សត្រសុំលើបម្រាមនោះទេ។ ជម្រើសទី៣ អ្នកអាចថ្វាយលិខិតផ្ទាល់ទៅព្រះមហាក្សត្រ ដើម្បី ស្នើសុំលើកលែង។ តាមទម្លា​ប់ធម្មតាព្រះមហាក្សត្រ គឺបញ្ជូ​នមកនាយករដ្ឋមន្ត្រី មានយោបល់ ។ នាយករដ្ឋមន្ត្រី នឹងផ្តល់សំណើនោះទៅឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យថា ត្រឹមត្រូវហើ យបញ្ជូនមកនាយករដ្ឋមន្ត្រីវិញ ដើម្បីថ្វាយទៅព្រះមហាក្សក្រដើម្បីលើកលែងបម្រាមនោះ។

សម្តេចក៏បានលើកឡើងថា ការស្នើសុំដកបម្រាមនេះ ត្រូវធ្វើឡើងម្នាក់ម្តងៗ តាមលក្ខខណ្ឌ​សម្បត្តិរបស់មនុស្សម្នាក់ៗ។

សម្តេចក៏បានឆ្លើយតបចំពោះក្រុមមន្ត្រីប្រឆាំង ដែលជាប់បម្រាមថា មិនស្នើសុំយ៉ាងដូច្នេះ ថា «ពិតហើយយើងដឹងថាមានអ្នកមិនស្នើសុំ។ បាទ! មិនស្នើសុំខ្ញុំសូមអរគុណ ព្រោះអ្នកត្រូវដឹងថា អ្នកដែលមិនស្នើសុំក៏មិនត្រូវបានចូលរួ​មការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ ដែរ។ អ្នកជ្រើសរើសទៅ! រវាងអ្នកម្ខាងអ្នកសុំអ្នកនោះ នឹងទទួលបានសិទ្ធិធ្វើនយោបាយពីឥឡូ​វ ដើម្បី រៀបចំកម្លាំង​ចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២។ ប៉ុន្តែប្រសិនបើអ្នកនៅជាប់បម្រាម ដែលធ្វើនយោបាយនោះនឹងត្រូវទទួលទោសបន្ថែមទៀត»

សម្តេចសង្កត់ធ្ងន់ថា «អ្នកគិតមើលទៅ ចំណេញខាត នៅកន្លែងណាអ្នកគិតមើលទៅ ខ្ញុំអត់បង្ខំអ្នកទេ! តែច្បាប់បានបើកហើយ។ ពីមុននេះបានស្នើសុំ ប៉ុន្តែសាលាដីកាតុលាការកំពូលដែលចេញហើយបិទផ្លូវតវ៉ា។ ឥឡូ​វយើងបើកច្រកហើយ អ្នកចង់ចេញ ក៏ចេញ អ្នកចង់ចូលក៏ចូល។ ផ្ទុយទៅវិញមិនចូលខ្ញុំសូមអរគុណ។ ព្រោះជៀសវាងការរញ៉េរញ៉ៃ »

សម្តេចក៏បានលើកឡើងថា ប្រសិនបើគ្មានការស្នើសុំរបស់ក្រុមមន្ត្រី របស់អតីតគណបក្ស ប្រឆាំងនេះ ក៏មានគណបក្សនយោបាយជាង២០ គណបក្ស ឬលើសពីនេះ ដែលកំពុងធ្វើនយោបាយនៅក្នុងប្រទេសដែរ។ សម្តេចថា «អត់ពួកអ្នកឯង ក៏មានគណបក្សនយោបាយជាង២០ កំពុងធ្វើនយោបាយ ហើយកំពុងរៀបចំសកម្មភាពពង្រឹងខ្លួនរបស់គេ ក្នុងការចូលរួមការ បោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២២ អ្នកគិតទៅ។ ខ្ញុំមិនបង្ខំអ្នកទេ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែចង់ប្រាប់ អ្នកថា បើអ្នកចប់ ហើយអ្នកត្រូវច្បាស់ថា អ្នកមិនអាចសម្លាប់រដ្ឋាភិបាលភ្នំពេញ តាមអ្វីដែលអ្នកចង់បាននោះទេ ! តាមអ្វីដែលហៅថាការគាប់សង្កត់ពីខាងក្រៅនោះទេ។ ខ្ញុំនិយាយថា ចាំសេះ ដុសស្នែង»

ជាមួយគ្នានោះដែរ សម្តេច ក៏បានលើកឡើងថា កុំសង្ឃឹមថា ខ្មោចដែលស្លាប់ទៅហើយងើបឡើងវិញ (បក្សប្រឆាំងត្រូវរំលាយអាចរស់ឡើងវិញ) ដែលរយៈពេលចុងក្រោយនេះ មានការ រៀបចំប្រមូលផ្តុំ ហើយសូមផ្តាំលោក ហេង សាល ដែលប្រធានក្រុមការងារនៅខេត្តកំពតដែលកំពុងរៀបចំរចនាសម្ព័ន្ធតាមស្រុកឃុំ ហើយថា ឲ្យមកធ្វើឡើងវិញសូមកុំសង្ឃឹម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor