
ភ្នំពេញៈ ទីបំផុត! កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងផលិតកម្មហង្សមាស បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ទឹកល្អក់១ ទារសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ពីបុរសជនបង្ក រួមទាំងថៅកែហាង នឹងក្រុមហ៊ុនស្រាបៀរ(hite) ដែលបាននាំនាងមកច្រៀង ដែលមិនបានគិតពីសុវត្ថិភាពរបស់នាង បណ្តោយឲ្យជនសង្ស័យជះស្រាមកលើនាង។
តាមការបញ្ជាក់របស់ ទេព បូព្រឹក្ស ផ្ទាល់ថា គឺទាមទារសំណងជំងឺចិត្ត ចំនួន១០ម៉ឺនដុល្លារនេះ នាងនឹងយកទៅឧបត្តម្ភកុមារកំព្រា និងមនុស្សធម៌។
គួររំលឹកផងដែរថា កាលពីយប់មិញ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០៖០៥នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានមួយយីហោ “សមុទ្រ” នៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀង និងសម្ដែងនៅក្នុងកម្មវិធី Hite X'mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភោជនីយដ្ធាន "សមុទ្រ" ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ (Hite) របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះ ត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ពេល៩និង៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀង គឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តង ខណៈពេលកំពុងច្រៀង។
ទើបធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស កើតទុក្ខមិនសុខចិត្ត ធ្វើការ Live វិដេអូផ្ទាល់ ចេញពីគណនេយ្យផេកហ្វេសប៊ុករបស់កញ្ញាផ្ទាល់ រហូតមហាជនអ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video របស់កញ្ញាបន្តបន្ទាប់គ្នា បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ចើញរបស់ភោជនីយដ្ឋានខាងលើ ដែលជា Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ។
ដោយនៅក្នុងវិដេអូ Live នោះដែរ គេលឺសំលេងម្ចាស់ហាងបានព្យាយាមនិយាយទៅកាន់កញ្ញា ទេព បូព្រឹក្ស ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា រឿងគេយកកំប៉ុងស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញា បូព្រឹក្ស មិនព្រមសម្រួលទេ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗ ស្រាប់តែមានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។
ភ្លាមៗនោះគេឃើញ លោក ដេវីត ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះ ដោយមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកយកព័ត៌មានស្ទើគ្រប់ស្ថាប័ន និងសមត្ថកិច្ចុចុះទៅកន្លែងកើតហេតុផងដែរ។
លោក ជី ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាតារាចម្រៀង រេប (Rap) ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាមួយជនបង្កនោះទេ ហើយលោក ជី ដេវីត បានស្នើរសុំឲ្យសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។ ហើយចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគីជនបង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ។ បន្ទាប់មកកញ្ញា ទេព បូព្រឹក ត្រូវបានលោក ជី ដេវីត យករថយន្តស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុផងដែរ៕







