header ads

Sponsor

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅពាក្យមិនយកខ្មែរណាជាសត្រូវជាសញ្ញាមួយនៃបដិវត្តពណ៌របស់ក្រុមប្រឆាំងនៅកម្ពុជា។ ប៉ុន្តែត្រូវបានកម្ចាត់​ទាន់ពេលវេលា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះតាមរយៈសារតេឡេក្រាមយ៉ាងដូច្នេះថា “ពាក្យមិនយកខ្មែរណាធ្វើជាសត្រូវ ជា ពាក្យមានខ្លឹមសារ និងអត្ថន័យល្អណាស់ ខ្មែរណាក៏ចូលចិត្ត និងស្វាគមន៍ដែរ។ ប៉ុន្តែបើគ្រាន់ តែមានតែទ្រឹស្តី ឯការអនុវត្តផ្ទុយនោះ ក៏មិនអាចយកជាបានការដែរ។ ជាក់ស្តែងអតីតមេដឹកនាំអតីតបក្សប្រឆាំងបានយកពាក្យនេះ ធ្វើជាពាក្យស្លោកក្នុងការតស៊ូនយោបាយរបស់ខ្លួន ប៉ុន្តែពាក្យនេះបានបង្កប់ទៅដោយថ្នាំពុលយ៉ាងមានឥទ្ធពលបំផុត បើសិនជាមិនយកចិត្ត ទុកដាក់ ពិនិត្យឲ្យបានស៊ីជម្រៅទេនោះ”

លោកបន្តថា ជាសំខាន់ គឺការអនុវត្តជាក់ស្តែងតែម្តង ពួកគេនាំគ្នាស្រែកថា មិនយកខ្មែរណាជាសត្រូវ តែពួកគេបង្គាប់បញ្ជាឲ្យធ្វើអំពើហិង្សាដោយចាត់ទុកបក្សកាន់អំណាចជាខ្មាំងសត្រូវ ជាអាយ៉ងបរទេស ហើយប្រើមធ្យោបាយផ្តួលរំលំតែម្តង ដូចដែលពួកគេបញ្ជាដឹកនាំធ្វើកុប្បកម្មនាដើមខែមករា ឆ្នាំ២០១៤ នៅផ្លូវវ៉េងស្រេងនោះ តើជាការមិនយកខ្មែរណាជាសត្រូវប្ញ? ជាក់ស្តែង គឺពិតជាយកខ្មែរធ្វើខ្មាំងសត្រូវពិតប្រាកដ។

លោកបញ្ជាក់ថា «បញ្ហាដ៏គ្រោះថ្នាក់នេះ បើសិនមិនមានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាទេ នោះពាក្យថា មិនយកខ្មែរណាជាសត្រូវ នឹងក្លាយទៅជាមធ្យោបាយ ផ្តួលរំលំដ៏មានប្រសិទ្ធភាពជាមិនខានឡើយ។ នេះហើយដែលហៅថា បដិវត្តពណ៌នោះ មិនបាច់ឆ្ងល់ទេ»

សូមរំឭកថា កាលពីឆ្នាំ២០១៣ ក្រោមពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណតិ្តទី៥មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលលទ្ធផលនៃការបោះឆ្នោតនោះទេ។ ជាង​នេះ ក៏បានដឹកនាំធ្វើបាតុកម្មអហិង្សាយ៉ាងធំនៅក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់ពាក្យថា មិនយកខ្មែរណាធ្វើជាសត្រូវនោះទេ ដើម្បីទាមទារឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងថែមទៀត។ ប៉ុន្តែបាតុកម្មនោះ មិនត្រូវទទួលបានជោគជ័យនោះទេ គឺត្រូវបានកម្លាំង​សមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា រហូតចាប់សកម្មជនអតីតបក្សប្រឆាំងដាក់ពន្ធនាគារមួយចំនួនផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post