
ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ជានគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចេញពីខារ៉ាអូខេ សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-5082 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាលចរាចរណ៍ សង្ស័យស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកក្រឡាប់ផ្ងារជើង ភ្លាមៗនោះម្ចាស់រថយន្តបានលូនចេញមកក្រៅហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕







