header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ព្រួតវាយឡើងទ្រោមខ្លួន ទើបកម្លាំងសមត្ថកិច្ចចុះទៅដាក់ខ្នោះយកមកសួរនាំនៅប៉ុស្ដិ៍ទន្លេបាសាក់ ក្រោយពីជនសង្ស័យរូបនេះ និងបក្សពួកម្នាក់ទៀត ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស បានសម្រេច កាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខក្រសួងបរិស្ថាន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ ចាន់ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបប និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រមទាំងជាម្ចាស់ម៉ូតូដែលធ្វើសកម្មភាព ម៉ាក MOOVE ពណ៌ខៀវ គ្មានស្លាកលេខ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលជនសង្ស័យធ្វើសកម្មភាពឆក់ គឺមានជនរងគ្រោះជាជនជាតិបរទេសប្រហែល៥នាក់ បានដើរថ្មើរជើងតាមដងផ្លូវលំ ម្ដុំណាកាវើល ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសបានសម្រេចតែម្ដង និងបំរុងជិះគេចខ្លួន ភ្លាមនោះក៏មានប្រជាពលរដ្ឋបានឃើញសភាពនេះ ក៏ជិះម៉ូតូទៅកាក់ពីមុខ និងបានបុកគ្នាបណ្ដាលឲ្យជនសង្ស័យដួល ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះ សហការគ្នាចាប់បានម្នាក់នាំគ្នាព្រួតវាយឡើងទ្រោមខ្លួន ទើបកម្លាំងសមត្ថកិច្ចចុះទៅដាក់ខ្នោះ ព្រមទាំងដកហូតម៉ូតូមួយគ្រឿងរបស់ជនសង្ស័យយកប៉ុស្ដិ៍ទន្លេបាសាក់តែម្ដង ចំណែកបក្សពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ដោលសុវត្តិភាព។

ក្រោយកើតហេតុ ជនរងគ្រោះជាជនជាតិបរទេស បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់ ដោយមិនបាដាក់ពាក្យបណ្ដឹងនោះទេ។ តែក្នុងនោះក៏មានប្រជាពលរដ្ឋដែលជាអ្នកជិះម៉ូតូបុកជាមួយនិងជនសង្ស័យបានមកធ្វើការបំភ្លឺ(ជាសាក្សី)ឲ្យសមត្ថកិច្ចផងដែរ ហើយសមត្ថកិច្ចក៏បានកសាងសុំណុំរឿង ដើម្បីបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post