header ads

Sponsor

ភ្នំពេញៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជូនយុវជនខ្មែរ ចំនួន១៧នាក់ និងជនជាតិចិន ចំនួន១៣នាក់ នឹងត្រូវប្រគល់ឲ្យខាងសមត្ថកិច្ចអន្តោប្រវេសចាត់ការបន្ត។ ចំណែក មនុស្សប្រុសស្រីជាង២០០នាក់ផ្សេងទៀត ដែលមានហាងឆេងគួរសមត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញអស់ហើយ។

ប្រភពព័ត៌មានពីសាលាដំបូង បានឲ្យដឹងថា ពេលបញ្ជូនយុវជនខ្មែរទាំង១៧នាក់ មកដល់កាន់តុលាការមិនទាន់ទាំងបានចាត់ឲ្យព្រះរាជអាជ្ញារងណាម្នាក់សាកសួរផង ជនសង្ស័យទាំង១៧នាក់ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការបញ្ជូនមកតុលាការម្ដងទៀតនៅថ្ងៃសុក្រនេះ។

ជាមួយនោះដែរ ខាងមន្រ្តីជំនាញធ្វើកោសលវិច្ច័យលើសារធាតុញៀន បានបង្ហាញឲ្យដឹងថា វត្ថុតាងគ្រឿងញៀនដែលដកហូតនៅមជ្ឍមណ្ឌលរ៉ុក ខ្លះថា ជាង៥០គីឡូក្រាម ខ្លះថាជាង៤០គីឡូក្រាមនោះ ជាក់ស្តែងជំនាញធ្វើតេស្តរកឃើញសារធាតុគ្រឿងញៀនសុទ្ធតែ២១គីឡូ៤៦៧.៦៣ក្រាមប៉ុណ្ណោះទេ។ គ្រឿងញៀនសុទ្ធ២១គីឡូ៤៦៧.៦៣ក្រាមនេះមាន៖ ទី១. គ្រឿងញៀនប្រភេទ អិុចស្តាស៊ីល (ថ្នាំក្រវី)១២គីឡូ២១៩.២១ក្រាម។ ទី២. ប្រភេទខេតាមីន(ថ្នាំហិត) ៨គីឡូ ៩៣៥.៣៩ក្រាម។ ទី៣. ប្រភេទ នីម៉េតាស្បាម(ថ្នាំបន្សាម) ០គីឡូ ៣០៥.១០ក្រាម។ ទី៤. ប្រភេទ មេតំហ្វេតាមីន ១គីឡូ ៦ក្រាម។ ទី៥. ប្រភេទ ហេរ៉ូអុីន ០គីឡូ ៦១ក្រាម។ ទី៦. កញ្ឆាក្រៀម ២កញ្ចប់តូចទម្ងន់៦៦.៤៣ក្រាម។

ក្នុងនោះមានសំបកសម្រាប់វេចខ្ចប់ (ដប ឬកែវ)២៤៧ដប សំបកកេស និងថង់ផ្លាស្ទិចមួយចំនួនទៀត។ ហើយក្រៅពីនេះ នៅមានម្សៅសង្ស័យសារធាតុញៀនប្រមាណ១៥គីឡូ ១៤ក្រាមទៀត ដែលត្រូវខាងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបាន និងកំពុងយកចូលឡាបូដើម្បីធ្វើការពិសោធន៍ឲ្យបានច្បាស់លាស់។

សរុបមកវិញសារធាតុគ្រឿងសុទ្ធដែលសមត្តកិច្ចបង្រ្កាប នៅមជ្ឍមណ្ឌលកម្សាន្តរ៉ុក តែ២១គីឡូ ៤៦៧.៦៣ក្រាមប៉ុណ្ណោះទេ ហើយនេះ ក៏មិនមែនជារបាយការណ៍ផ្លូវការណ៍របស់សមត្ថកិច្ចដែរ គឺគ្រាន់តែជាតួលេខដែលបានមកពីមន្ត្រីជំនាញ។

ខណៈពេលសមត្ថកិច្ចមិនទាន់បានរកឃើញម្ចាស់គ្រឿងញៀន ឬទទួលខុសត្រូវឲ្យនាំថ្នាំញៀនសន្ធឹកសន្ធប់ចូលមកចែកចាយក្នុងមជ្ឍមណ្ឌលកម្សាន្តរ៉ុកនោះទេ មានមតិមហាជនបាននិយាយតៗគ្នាថា ចាំមើលទៀតមើល តើតុលាការ និងត្រូវដាក់គុក ឬដោះលែងយុវជនចិន ខ្មែរ៣០នាក់នោះ បើមនុស្ស៣០០នាក់ឲ្យរួចផុតពីការចោទប្រកាន់អស់ហើយ ?

មតិបានលើកឡើងទៀតថា មនុស្សជាង៣០០នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងមជ្ឍមណ្ឌលរ៉ុក កណ្តាលរាជធានីភ្នំពេញ ពាក់ពន្ធគ្រឿងញៀនសន្ធឹកសន្ធប់នោះ ត្រូវបានដោះលែងគ្រាន់តែតម្រូវឲ្យមានអ្នកធានា បានរួចផុតពីការចោទប្រកាន់ គឺពួកគេពិតជាមានសំណាងខុសគ្នាឆ្ងាយណាស់ ចំពោះយុវជន ឬជនសង្ស័យដែលសមត្ថកិច្ចបង្រ្កាប ជារៀងរាល់ថ្ងៃតាមបណ្តាខណ្ឌ/ក្រុង ឬក្រសួង គ្រាន់តែគ្នាប្រើប្រាស់ ឬចាប់បានថ្នាំញៀន១កញ្ចប់តូចដាក់ក្រោមកែបម៉ូតូ ចោទពីបទចែកចាយ និងប្រើប្រាស់ ដែលពួកក្រុមយុវជនទាំងនោះ កម្របានរួចខ្លួនណាស់ខ្លះយកទៅដាក់មណ្ឌលកែប្រែរាប់ខែរាប់ឆ្នាំ ខ្លះទៀតចោទប្រកាន់ជាផ្លូវការណ៍ ហើយនាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ទម្រាំយកមកកាត់ក្តីជាប់គុកស្កូវសក់។ និយាយដូច្នេះមិនមែនការពារជនប្រព្រឹត្តបទល្មើសគ្រឿងញៀនទេ ប៉ុន្តែហាក់ដូចជាគ្មានតម្លាភាព ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដូចគ្នា ចាប់នៅក្នុងមជ្ឍមណ្ឌកម្សាន្តអ្នកមានរួចខ្លួន ចាប់នៅតាមផ្លូវសាធារណៈ គ្មានស្បែកជើងពាក់រកបាយស៊ីមិនបានជាប់គុកស្ទើរតែរកថ្ងៃចេញគ្មាន។

ចំពោះម្ចាស់ទីតាំងឧកញ៉ា គិត ធាង និងអ្នកទទួលខុសត្រូវឯទៀតៗ ក្នុងការធ្វើអាជីវកម្មក្លិបកំសាន្តរ៉ុក រហូតមកដល់ពេលនេះ ហាក់ដូចជាគ្មានរបាយការណ៍ណាមួយបញ្ជាក់បែបណាឡើយ។ ដោយឡែក នៅថ្ងៃព្រហស្ប៍នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ករណីគ្រឿងញៀននៅក្លិបកំសានរ៉ុក មិនពាក់ព័ន្ធនិងលោកឧកញ៉ា គិត ម៉េង ទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post