
ភ្នំពេញៈ រថយន្ត LEXUS RX300 មួយគ្រឿង បើកលឿនដូចហោះ បួងចង្កូតមិនទាន់ ជ្រុលទៅបុកបង្កាន់ដៃស្ពានថ្ម លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចយ៉ាងដំណំ និងផ្ទុះបែកកង់មុខខាងស្ដាំ បើកទៅមុខលែងរួច ផ្ទុះពោងសុវត្ថិភាពផងដែរ តែសំណាងល្អ មិនជ្រុលធ្លាក់ទឹកប្រឡាយលូទឹកស្អុយ ហើយក៏មិនមាននរណាម្នាក់របួសនោះទេ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃអង្គារ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចគល់ស្ពានថ្មបឹងសាឡាង លើកំណាត់ផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9457 បើកបរដោយនារីជនជាតិចិនម្នាក់ តែងខ្លួនជាប្រុស រួមដំណើរដោយនារីរូបស្រស់ជនជាតិខ្មែរម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៣៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកជិតដល់គល់ស្ពានថ្មបឹងសាឡាង ជាចំណុចកើតហេតុនោះ ស្រាប់តែជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានថ្មនោះពេញមួយទំហឹង លាន់លឺដូចរន្ទះ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ បែកកង់និងដាច់កាឡេកង់មុខខាងស្ដាំ បើកទៅមុខលែងរួច ហើយផ្ទុះពោងសុវត្ថិភាពចេញពីចង្កូតរថយន្តផងដែរ តែសំណាងមិនជ្រុលធ្លាក់ចូលទឹកស្អុយ និងមិនមាននរណាម្នាក់ រងរបួសនោះទេ ។
ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្ត និងអ្នករួមដំណើរ បានប្រមូលយករបស់មានតម្លៃទុក រួចនាំគ្នាប្រញាប់ប្រញាល់គេចចេញពីកន្លែងកើតហេតុបាត់អស់ទៅ ទើបប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ចេញមកចោមរោមមើល ហើយរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹងដំណឹងនេះភ្លាមផងដែរ។
ក្រោយកើតហេតុកម្លាំងល្បាតប៉ុស្តិ៍នគរបាលបឹងសាឡាងបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះមកពិនិត្យមើលជាក់ស្ដែងសិន រួចទាក់ទងរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំទាក់ទងម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕






