header ads

Sponsor

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនខ្មែរទូទាំងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទងនឹងបញ្ហាលុបដីទន្លេនៅម្តុំកោះពេជ្រ នៃទន្លេចតុមុខ ដែលជាទន្លេប្រសព្វគ្នាចំនួន៤ មានដូចជា ទន្លេមេគង្គលើ (ទន្លេធំ), ទន្លេមេគង្គក្រោម (ទន្លេក្រៅ), ទន្លេសាប (ទន្លេក្នុង), និងទន្លេបាសាក់ (ទន្លេក្នុង)។

ចំពោះករណីខាងលើនេះដែរ ក៏ត្រូវបានលោកស្រី ហ៊ុន ស៊ីណាត នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានមានការប្រតិកម្មយ៉ាងខ្លាំង និងបានស្នើដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រួមជាមួយលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយអន្តរាគមន៍ចំពោះបញ្ហានេះផង។

ក្នុងនោះដែរ លោកស្រី បានបន្ថែមទៀតថា "ម្ចាស់ថ្លៃអើយ ចេះតែមានហើយ លុបឲ្យអស់ទៅ ខ្ញុំចង់តែយំទេ ឃើញតែរឿងដី មិនចេះចប់។ ម្យ៉ាងទៀតហេតុអី បានជាមកលុបទន្លេមុខ៤ ដែលជាទន្លេប្រវត្តិសាស្ត្រ មកលុបនៅតែ៣ អញ្ចឹងដីទីនេះ ខ្ញុំគិតថាច្បាប់ទន្លេ បឹង សមុទ្រ ភ្នំជារបស់សាធារណៈ ឈប់បានឈប់ទៅ ចង់បានមិនចេះខ្មាស់អញ្ចឹង"។

មួយរយៈនេះ មើលទៅមិនល្អសោះ ឧកញ៉ាខ្លះលុបសមុទ្រ លុបបឹង ពេលនេះទៀតមកលុបដល់ដៃទន្លេបួនមុខទៀត រកមុខឲ្យឃើញអ្នកលុបដៃទន្លេនេះ ថតបង្ហោះឲ្យប្រជាជនបានស្គាល់មុខ អាអ្នកលុបទីតាំងប្រវត្តិសាស្ត្រនេះផង ថាដីនេះមិនមែនដីម៉ែឪវាទេ ជាដីសម្បត្តិសាធារណៈ។ សូមឲ្យវត្ថុស័ក្តិសិទ្ធិ ទន្លេបួនមុខ ដាក់ទោសអាអ្នកលុបដីនេះ ឲ្យអស់ទៅ។ ជុំវិញរឿងចាក់ដីលុបដៃទន្លេបួនមុខ នៅមុខផ្សារទំនើប AEON ទី១នេះ មិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធចេញមុខបំភ្លឺនៅឡើយនោះទេ។

សង្ឃឹមថា លោកអភិបាលរាជធានី និងលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍ចំពោះបញ្ហានេះ បានទាន់ពេលវេលា ខណៈដែលទីតាំងដៃទន្លេបួនមុខដែលបានចាក់ដីរួចនោះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា  បានបុកគ្រឹះរួចបណ្ដើរៗហើយ បើគិតត្រឹមល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post