header ads

Sponsor

កំពង់ឆ្នាំងៈ គ្រោងខ្លោងទ្វារនិមិត្តសញ្ញាឆ្នាំង ដែលគេធ្វើឡើងសម្រាប់អបអរសាទរក្នុងពិធីបុណ្យទន្លេ បានបាក់មួយផ្ទាំងទៀតហើយ បន្ទាប់ពីមានខ្យល់ និងភ្លៀង ហើយបណ្ដាលឲ្យរថយន្តមួយគ្រឿង រងការខូចខាតបែកកញ្ចក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ដល់អាជ្ញាធរ និងសមត្ថកិច្ចចុះរុះរើសភ្លាមៗផងដែរ។ ហេតុការណ៍បាក់រលំខ្លោងទ្វារនិមិត្តសញ្ញាឆ្នាំងនេះ បានកើតឡើងនៅវេលាម៉ោង២៖២០នាទីរសៀល ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវពីផ្សារលើ ទៅផ្សារក្រោម ក្នុងភូមិផ្សារលើ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកអធិការនគរបាលក្រុងកំពង់ឆ្នាំង ដែលបានដឹកនាំកម្លាំងចុះរុះរើគ្រោងខ្លោងទ្វារនិមិត្តសញ្ញាឆ្នាំង នៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មិនសូវជាមានភ្លៀង និង ខ្យល់ខ្លាំងប៉ុន្មានទេ ប៉ុន្តែខ្យល់បានបោកបក់ចំគ្រោងខ្លោងទ្វារដែលកាត់ទទឹងផ្លូវ ចុះពីផ្សារលើ ទៅផ្សារក្រោម បណ្តាលឲ្យរលំរាបដល់ដីតែម្ដង បណ្តាលឲ្យសង្កត់លើរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ០I- ៧០៨៨ បណ្តាលឲ្យបែកកញ្ចក់ និងក្រពឹតផ្នែកខាងមុខ សង្កត់ជាប់លើរថយន្តទៅមុខមិនរួច ហើយក៏បានប្រជាពលរដ្ឋជួយលើកដើម្បីយករថយន្តនោះចេញ ជាមួយគ្នានោះក៏មានមនុស្សម្នាក់ រងរបួសស្រាលផងដែរ។

លោកអធិការនគរបាល បានបញ្ជាក់ថា បន្ទាប់មកលោកបានដឹកនាំកម្លាំងរុះរើគ្រោងខ្លោងទ្វារនោះចេញ ដោយប្រើម៉ូទ័រឆាបកាត់ផ្តាច់ជាកង់ៗ ដើម្បីយកចេញ និងសម្រួលចរាចរឡើងវិញ ហើយគ្រោងឆ្អឹង គ្រោងខ្លោងទ្វារទាំងនេះ នឹងត្រូវយកទៅទុកឲ្យរដ្ឋបាលសាលាខេត្តចាត់ការបន្ត។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោងខ្លោងទ្វារនៅកន្លែងកើតហេតុ មានសភាពល្អធម្មតាមទេ ប៉ុន្តែកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ គឺឃើញមានក្រុមជាងភ្លើងឡើងទៅដោះភ្លើងចេញ បណ្ដាលឲ្យទន់វេចគ្រោងខ្លោងទ្វារនោះ និងគ្មានភាពរឹងមាំនោះទេ ទើបធ្វើឲ្យខ្យល់បោក បណ្តាលឲ្យបាក់សង្កត់លើរថយន្តដែលកំពុងធ្វើពីដំណើរបែបនេះតែម្តង។

សូមបញ្ជាក់ជូនថា នេះជាលើកទី២ ហើយដែលគ្រោងខ្លោងទ្វារនិមិត្តសញ្ញាឆ្នាំង បានបាក់រលំរាបដល់ដីបែបនេះ បណ្តាលឲ្យសង្កត់ពីលើរថយន្តមួយគ្រឿង រងការខូចខាត ដោយលើកទីមួយ គឺបានកើតឡើងនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុកសំណាងល្អហើយតែបើប៉ះចំម៉ូតូ ឬអ្នកថ្មើរជើងវិញ អាចនឹងមានអ្នករង របួសធ្ងន់ និងស្រាលច្រើនជាងនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post