
អ៊ុំស្រីវ័យចំណាស់ខាងលើឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រីបង នៅអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រូបគាត់មានកូនស្រី២នាក់ ម្នាក់ អាយុ៥១ឆ្នាំ និងម្នាក់ទៀត អាយុជាង៤០ឆ្នាំ។
អ៊ុំស្រីខាងលើ បានរៀងរាប់ប្រាប់ទាំងទឹកភ្នែកថា កាលពីជាង២ឆ្នាំមុន (មិនចាំថ្ងៃខែច្បាស់) រូបគាត់ ត្រូវបានកូនស្រីពៅ ល្បួងឲ្យលក់ផ្ទះរបស់គាត់ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានលុយ២៧ម៉ឺនដុល្លារ។ បន្ទាប់មក រូបគាត់ក៏បានចែកឲ្យកូនស្រីច្បងចំនួន៣ម៉ឺនដុល្លារ និងទិញគ្រឿងអលង្ការ ឲ្យកូនចៅអស់ប្រហែល១ម៉ឺនដុល្លារទៀត ព្រមទាំងធ្វើបុណ្យទានជាង១ឆ្នាំ អស់លុយមួយចំនួនទៀត ហើយបានឲ្យកូនស្រីពៅឈ្មោះ សុខ ណន ចំនួន១៧ម៉ឺនដុល្លារ ដើម្បីរក្សាទុកសម្រាប់ពេលចាស់ជរា ដោយកូនស្រីពៅ ក៏បានសន្យាថា និងមើលថែរូបគាត់ផងដែរ។
អ៊ុំស្រី បន្តថា ក្រោយមកកូនស្រីពៅឈ្មោះ សុខ ណន នោះ មិនបានយកលុយទៅរក្សាទុកនោះទេ ក៏បានលួចយកទៅទិញផ្ទះដាក់ឈ្មោះខ្លួនឯង និងទិញឡាន ទិញម៉ូតូធ្វើជារបស់ផ្ទាល់ខ្លួន ហើយទុកឲ្យម្ដាយរស់នៅផ្ទះតែម្នាក់ឯង ទាំងមិនបានមើលថែទៀត ទើបធ្វើឲ្យអ៊ុំស្រី រស់នៅទាំងលំបាកវេទនា ក៏រត់មករកកូនស្រីច្បងឲ្យជួយដោះស្រាយ និងសុំលុយខ្លះៗមកមើលជំងឺគាត់ តែបែរជាកូនស្រីពៅ បោះសម្ដីមិនសមរម្យ និងថា ឲ្យម្ដាយព្រមទាំងបងស្រីទៅប្ដឹងអី ប្ដឹងទៅ។
អ៊ុំស្រី បន្តទៀតថា ដោយសារតែទ្រាំនឹង សម្ដីកូនស្រីពៅ តបមកខ្លួនជាម្ដាយ មិនសមរម្យនោះ នៅយប់ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ដោយគាត់គិតថា គ្មានលុយសម្រាប់ប្ដឹងផ្ដល់ ក៏បានឲ្យកូនស្រីច្បង ពឹងពាក់ក្រុមអ្នកសារព័ត៌មាន ចុះផ្សាយដំណឹងនេះ ដើម្បីឲ្យអាជ្ញាធរជំនាញ និងសម្ដេចតេជោ ក្រែងលោ ដឹងដល់សម្ដេច លោកនឹងជួយរកយុត្តិធម៌ដល់រូបគាត់ផង ហើយអ៊ុំស្រីបានលើកដៃសំពះ និងនិយាយទាំងក្ដុកក្ដួលថា ទោះបីមិនបានលុយទាំងអស់ត្រឡប់មកវិញ ក៏សង្ឃឹមថា បានត្រឹមតែបន្តិចបន្តួច ទុកសម្រាប់មើលជំងឺគាត់ក៏អស់ចិត្តដែរ៕




