header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំង២នាក់  បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់ បានសម្រេច ហើយជិះរត់គេចខ្លួនទៅបុករថយន្តរបស់អ្នកធ្វើដំណើរតាមផ្លូវ។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៩និង៥៤នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មុខផ្ទះហាងលក់ផ្លែឈើ ស្រី មុំ ផ្ទះលេខ៤៦២DEo ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងឹម ឆវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ជិះម៉ូតូម៉ាក TODAY ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 1HN 6564។ ដោយឡែកជនសង្ស័យវិញ មានឈ្មោះ វង្ស លីដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងឡាន ស្នាក់យានដ្ឋានទូចនាង ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (ជាអ្នកធ្វើសកម្មភាព) ចំណែកម្នាក់ទៀតមានឈ្មោះ ទូច វលក្ត័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅជាមួយជនសង្ស័យខាងលើ មានស្រុកកំណើតនៅសង្កាត់លេខ១ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចដកហូតម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1O-6105 ជារបស់ជនសង្ស័យ ព្រមទាំងទូរស័ព្ទ ម៉ាក OPPO a3s  មួយគ្រឿង ជារបស់ជនរងគ្រោះ។

តាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូ១គ្រឿង ម៉ាក TODAY ចេញពីផ្ទះនៅម្តុំទួលគោក គោលបំណងទៅលេងប្តីនៅកោះពេជ្រ ដោយធ្វើដំណើរឆ្លងកាត់តាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ជិតចំណុចកើតហេតុ ក៏ស្រាប់តែបុរសជាជនសង្ស័យ២នាក់ ជិះតាមមកពីក្រោយ រួចហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក OPPO របស់គាត់ដែលកំពុងកាន់និយាយបានសម្រេច រួចហើយក៏បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួន ក៏ជ្រុលទៅបុកនិងរថយន្តមិនចាំម៉ាកមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាពីក្រោយ បណ្តាលឲ្យដួលម៉ូតូ ភ្លាមៗនោះដែរ គាប់ជួនកម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌចំការមន ដែលជិះល្បាតឆ្លងកាត់ទីនោះ ប្រទះឃើញក៏បានសួរនាំទើបដឹងថា ជាករណីឆក់ទូរស័ព្ទ ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកទៅសាកសួរនៅបញ្ជារការដ្ឋាកងរាជអាវុធហត្ថខណ្ឌចំការមនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីរងគ្រោះពិតប្រាកដមែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post