header ads

Sponsor

ភ្នំពេញៈ ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាទៅផ្សាររកទិញបន្លែម្ហូបយកទៅលក់ ត្រូវក្រុមចោរឆក់មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ឡោមព័ទ្ធធ្វើសកម្មភាពឆក់ដណ្តើមយកកាបូបក្រវ៉ាត់ចង្កេះ ពីស្ត្រីជាប្រពន្ធយកទៅបាត់ដោយសុវត្តិភាព អស់លុយជាង១ពាន់ដុល្លារ និងគ្រឿងអល័ង្កកាជាច្រើនទៀត ទើបរត់ទៅប្តឹងប៉ូលិស បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់ព្រឹក ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធងើបទៅផ្សាររកទិញ បន្លែ ម្ហូប នៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់បន្តនៅផ្ទះជួល ហើយនៅព្រឹកកើតហេតុ នៅវេលាម៉ោង៥ព្រឹក គាត់២នាក់ប្តីប្រពន្ធជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0240 ជិះទៅរកទិញបន្លែដូចសព្វដង ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ពីលចទៅកើត លុះដល់ចំណុចភូមិអង្គកែវ ជិតដល់ផ្សារជម្ពូវ័នទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង តាមមកពីក្រោយ មួយគ្រឿងស្គាល់ ម៉ាក Nex មួយគ្រឿងទៀតមិនស្គាល់ម៉ាក ជិះមកពាំងពីមុខ ទុកឲ្យម៉ូតូ Nex អែបជាប់ពីខាងឆ្វេង ធ្វើឲ្យម៉ូតូឈប់ រួចជនសង្ស័យឆក់ដណ្តើមយកកាបូបពីចង្កេះ ហើយជនសង្ស័យម្នាក់ដែលជិះ ម៉ូតូពាំងឃាត់ពីមុខ មកកាច់សោម៉ូតូពន្លត់ហើយ ក្រុមជនសង្ស័យ ឡើងជិះម៉ូតូ គេចខ្លួនទៅបាត់អស់ ទោះជាដេញតាម ក៏មិនទាន់ មានតែរត់ចូលប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ និងកំណត់មខសញ្ញាឆក់ លួចខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹម សំអាត ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ ពេជ្រ សុវណ្ណ អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិកោះកុក ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្ភារៈលុយកាក់បាត់បង់៖ ប្រាក់ដុល្លាជាង៨០០ដុល្លារ, ប្រាក់រៀល ជាង៧០ម៉ឺនរៀល, គ្រឿងអល័ង្កកា ខ្សែក ខ្សែដៃ របស់កូនផ្ញើទុក សរុបអស់ ជាង១០០០ដុល្លារ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post