ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានខ្លឹមសារទាំងស្រុងថា "បន្ទាប់ពីខ្ញុំបានបញ្ចប់កិច្ចប្រជុំប្រចាំខែ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំក៏ប្រញាប់ទៅសួរសុខទុក្ខមន្រ្តីនគរបាលដែលល្បាតនាពេលយប់ ត្រូវគេបង្កហិង្សាចេតនាយ៉ាងធ្ងន់ធ្ងរ ហើយខ្ញុំបានផ្តល់ថវិកា ចំនួន៣,៥០០,០០០រៀល (បីលានប្រាំសែនរៀល) និងសម្ភារៈមួយចំនួន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្តការពារសន្តិសុខជូនពលរដ្ឋពេលយប់"។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៖៣០នាទីទាបភ្លឺ នៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សាដោយចេតនា មកលើសមត្ថកិច្ចដែលបង្កឡើង ដោយជនសង្ស័យ៤នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបងដុំថ្ម។
ជនសង្ស័យទី១.ឈ្មោះ ផាន ស្រៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួលលូប្រាំ។ ជនសង្ស័យទី២.ឈ្មោះ ថាន វិស្រូ អាយុ២៧ឆ្នាំ មុខរបរ កម្មករលក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ។ ជនសង្ស័យទី៣.ឈ្មោះ ចាន់ ចាវ អាយុ២៥ឆ្នាំ មុខរបរ បម្រើការនៅហាងខារ៉ាអូខេផ្លូវ២០០៤។ ជនសង្ស័យទី៤.ឈ្មោះ ផូ ហឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បម្រើការនៅហាងខារ៉ាអូខេផ្លូវ២០០៤។
ចំណែកជនរងគ្រោះទី១.ឈ្មោះ លីន ឃឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ)។ ជនរងគ្រោះទី២.ឈ្មោះ ភួង ចាន់ណា អាយុ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (រងរបួសត្រូវស្មងជើង)។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរបន្ទាយ៩៩ នៅលើកំណាត់ផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅមុនកើតហេតុ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ ចំនួន៥នាក់ ដឹកបញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ។
លុះពេលដែលកម្លាំងវិលត្រឡប់ទៅប៉ុស្តិ៍វិញ ធ្វើដំណើរតាមផ្លូវ២០០៤ ដល់ចំណុចខាងលើ មានក្មេងទំនើង៣នាក់ (ប្រុស២នាក់ ស្រីម្នាក់) ជិះម៉ូតូ២គ្រឿង ជ្រេរេពេញផ្លូវ ជិះឆាបទាំងប៉ូលិសកំពុងល្បាតតាមផ្លូវ ក្នុងឯកសណ្ឋានជានគរបាលជាតិ មានទាំងស្ពាយអាវុធផង ឃើញទង្វើរដូច្នោះកម្លាំងល្បាតក៏ប្រដេញ តាមឃាត់សាកសួរភ្លាមៗ តែត្រូវបានក្រុមទំនើងដៃដល់ រឹងទទឹង វ៉ៃទៅលើមន្ត្រីនគរបាលម្នាក់ បណ្តាលឲ្យរងរបួសបាក់ក្តោងច្រមុះ ហើយស្រែកឆោឡោឲ្យគេឯងជួយថា កម្លាំងប៉ូលិសវាយធ្វើបាបពួកខ្លួនទៅវិញ ទើបផ្អើលឆោឡោ ក្រុមបងធំជើងកាងម្ដុំហាងខារ៉ាអូខេផ្លូវ២០០៤ ជាច្រើន មានប្រដាប់ដោយដាវ ដំបង ចេញមកជួយអន្តាគមន៍ពួកជនដៃដល់ ដែលប៉ុនប៉ងកាប់មកលើសមត្ថកិច្ច ក្រុមជនដៃដល់វ៉ៃត្រូវមន្ត្រីនគរបាលម្នាក់ទៀត រងរបួសប៉ោងមុខ ទោះដែលជានគរបាលទាំង៥នាក់ មានអាវុធស្ពាយជាន់នឹងស្មាហើយ តែមិនហ៊ានផ្ទុះអាវុធឡើយ ទើបឲ្យក្រុមជនអន្ធពាលនិងបក្ខពួកបានចិត្ត នាំគ្នាព័ទ្ធកាន់តែសម្រុកគម្រាម ទើបកម្លាំងសមត្ថកិច្ចឃើញសភាពមិនស្រួល ក៏ប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង (ID) សុំកម្លាំងកងអន្តរាគមន៍ខណ្ឌ កម្លាំងព្រហ្មទណ្ឌខណ្ឌ ចេញទៅជួយអន្តរាគមន៍ផង។ ខណៈក្រុម អន្ធពាល ទាំងនោះ កាន់តែព្រហើនទ្វេរឡើងហើយ រហូតទាល់តែសមត្ថកិច្ច សម្រេចផ្ទុះអាវុធបាញ់មេឃ ដើម្បីបំបែកក្រុមជនអន្ធពល ហើយបើកការបង្ក្រាប រហូតឈានដល់ចាប់ខ្លួនបាន៤នាក់ ដោយ២នាក់ជាជនដៃដល់ និង២នាក់ទៀត ជាបងធំកាងហាងខារ៉ាអូខេ ដែលចូលជួយក្រុមជនដៃដល់។ ភ្លាមៗនោះមន្ត្រីនគរបាលដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធី៕