ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលព័ត៌មានថា មានករណីប្រជាពលរដ្ឋពុលនំបញ្ចុក បន្ទាប់ពីមានការបង្ហោះរូបភាពពុលនំបញ្ចុកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា គិតមកដល់ម៉ោងនេះ ក្រសួងមិនទាន់បានទទួលព័ត៌មានពីមន្ទីរសុខាភិបាលនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងករណីពុល រាគ ក្អូត ដោយសារតែការហូបនំបញ្ចុកនៅឡើយនោះទេ។

លោកបញ្ជាក់ថា ករណីនៃការបង្ហោះចែកចាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា មានការពុលដោយសារតែហូបនំបញ្ចុកនោះ គឺជារឿងមិនពិតនោះទេ។

ជាមួយគ្នានេះ លោកស្រីបានណែនាំឲ្យមន្រ្តីជំនាញរបស់មន្ទីរសុខាភិបាលនៅទូទាំងប្រទេស ធ្វើការស៊ើបអង្កេតការចែកចាយនូវរូបភាព នៃការពុលនំបញ្ចុក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈដែលគិតមកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបាន ព័ត៌មាន នៃការពុល រាគរូស ដោយសារតែការហូបនំបញ្ចុកនោះទេ។

លោកស្រីបន្ថែមថា ក្រសួងសុខាភិបាល បានណែនាំឲ្យមន្ដ្រីចុះអប់រំ ទៅដល់អ្នកលក់ អ្នកធ្វើនំ និងអ្នកបរិភោគ ពីការប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច ទាំងនំ បន្លែ និងចំណីអាហារផ្សេងៗទៀត ដើម្បីធានាបាននូវសុខុមាលប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានរៀបចំពិធីហូបនំបញ្ចុកសាមគ្គី ឯកភាពជាតិ និងសន្តិភាព ក្រោមដំបូលសន្តិភាព ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor