ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្រឿងញៀន នៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ទៅសេដ្ឋកិច្ច និងអសន្ដិសុខជាដើម។
ក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេច ស ខេង បានថ្លែងថា “គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ សម្រាប់សង្គមមនុស្សជាតិ។ ស្ថានភាពនៃការផលិត ការចរាចរ និងការប្រើបំពានគ្រឿងញៀន វិវត្តន៍ស្របទៅតាមចរន្ត នៃភាពរីកចម្រើនបច្ចេកវិទ្យា វិទ្យាសាស្ត្រ សង្គម និងសេដ្ឋកិច្ច ដែលនិន្នាការបែបនេះ គឺជាការប្រឈមដ៏លំបាកមួយ សម្រាប់ការអនុវត្តច្បាប់ ចំពោះបណ្តាប្រទេសនានា”។
សម្ដេចបន្ដថា ការកើនឡើងនូវការផលិត ការចរាចរ ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀនប្រភេទថ្មី បានប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនោះ គឺជាការព្រួយបារម្ភ ដែលប្រទេសនានា នៅលើពិភពលោក កំពុងជួបប្រទះ និងផ្តោតការយកចិត្តទុកដាក់បំផុត។
សម្ដេចបន្ថែមថា ស្ថានភាពគ្រឿងញៀន ក្នុងពិភពលោកបែបនេះ គួបផ្សំនឹងស្ថានភាព ភូមិសាស្ដ្ររបស់កម្ពុជា នៅជិតតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាសផងនោះ ធ្វើឲ្យកម្ពុជានៅតែប្រឈម ទៅនឹងបញ្ហាមួយចំនួន ដូចជា ក្រុមឧក្រិដ្ឋជនបន្ត ព្យាយាមចរាចរគ្រឿងញៀន ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តទទួលរងផលប៉ះពាល់ ពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន៕