ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ មានវិធានការជាថ្មីម្តងទៀត ដោយនឹងបង្ក្រាបឲ្យអស់នូវគ្រឿងញៀននៅតាមក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងតូច ទាំងធំ នៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៩នេះ ខណៈដែលគ្រឿងញៀននៅតែជាបញ្ហាប្រឈម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ស្រទាប់យុវវ័យ។

ការដាក់នូវវិធានការបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ កម្លាំងមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការបង្ក្រាបគ្រឿងញៀននៅតែអនុវត្តបន្ត នៅតាមក្លឹបកម្សាន្តនានា នៅក្នុងរាជធានីភ្នំពេញ បើទោះបី នៅតាមក្លឹបកម្សាន្តទាំងនោះមានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយ ដោយយើងនឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ថា នៅឆ្នាំ២០១៩ នេះ គឺជាឆ្នាំដែលយើងត្រូវលុបបំបាត់ឲ្យអស់បញ្ហាគ្រឿងញៀននៅតាមបណ្ដាក្លឹបកម្សាន្ត ខារ៉ាអូខេ នានា នៅទូទាំងប្រទេស ។ ដោយហេតុថា នៅតាមក្លឹបកម្សាន្តទាំងនោះ ភាគច្រើនលើសលប់ គឺសុទ្ធតែជាស្រទាប់យុវជន យុវវ័យ នាំគ្នាពពាក់ពពូនទៅសេបគ្រឿងញៀននៅក្នុងក្លឹប ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្ស។

លោក ស ថេត បានបញ្ជាក់ផងដែរថា ក្នុងនាមសមត្ថកិច្ច ត្រូវតែបង្ក្រាបអោយអស់ បទល្មើសនានានៅតាមមូលដ្ឋាន រួមទាំងបទល្មើសក្មេងទំនើងអុកឡុកនៅតាមមូលដ្ឋានជាដើម សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់មកលើកម្លាំងមានសមត្ថកិច្ចរបស់យើង។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ គឺជាការងាររបស់សមត្ថកិច្ច និងអាជ្ញាធររបស់យើង ដូច្នេះទេយើងត្រូវតែរួមគ្នាធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព។

ពាក់ព័ន្ធនឹងក្លឹបកម្សាន្ត​នានា ទោះបីតូច ឬធំនៅក្នុងរាជធានីភ្នំពេញទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែចុះត្រួតពិនិត្យ ហើយបើដឹងថា នៅក្នុងក្លឹបកម្សាន្តដំបូងមានបង្កប់ទៅដោយគ្រឿងញៀនដាច់ខាតត្រូវតែធ្វើការបង្ក្រាបបិទអាជីវកម្មក្លឹបទាំងនោះតែម្ដង។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា រាល់ក្លឹបកម្សាន្ត និង ktv ទាំងអស់ អាជ្ញាធរខណ្ឌយើង ត្រូវណែនាំពួកគាត់ ឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្តទាំងនោះ បើពួកគាត់មិនស្ដាប់តាមការណែនាំរបស់យើងទេ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ត្រូវតែបិទកាសអាជីវកម្មក្លិបរបស់ពួកគាត់។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសមួយមានភាពស៊ីវីល័យហើយ ដូច្នេះទេត្រូវតែមានអ្វីៗគ្រប់យ៉ាង មានទាំងក្លិបកម្សាន្ត មានទាំងខារ៉ាអូខេ មានទាំងកន្លែងហូបចុកផឹកស៊ី និងកន្លែងសប្បាយភាពមួយចំនួនទៀត ប៉ុន្តែអ្វីដែលសំខាន់ទីមួយនោះ គឺបញ្ហាសន្តិសុខ ហើយអ្នកដែលការពារ និងរក្សាបាននូវសន្តិសុខនេះ គឺមានតែកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចរបស់យើងនឹងហើយ ដូច្នេះទេយើងត្រូវតែរួមគ្នាការពារឲ្យបានសន្តិសុខ ធ្វើយ៉ាងណាឲ្យភូមិឃុំមានសុវត្ថិភាព ទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor