Wednesday, July 10, 2019

ផ្កាយ៤ សៅ សុខា ចាប់ខ្លួនមេឈ្មួញឈើ​ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ រឹបអូស​​រថយន្តតូចធំជាង៤០គ្រឿង

មណ្ឌលគិរីៈ កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ រឹបអូសរថយន្ដជាង៤០គ្រឿង ត្រៀមបំផ្លាញចោលនៅនឹងកន្លែង។

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានគណៈកម្មាធិការជាតិ បានបង្ក្រាបក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់បណ្ដាញព័ត៌មាននៅរសៀលថ្ងៃទី៩ កក្កដាថា ជាលទ្ធផលក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនមនុស្ស៤នាក់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្ត ព្រមទាំងរថយន្ដជាង៤០គ្រឿង។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មួញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅគគុក។

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ទៀតថា រថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃ នឹងបំផ្លាញចោលនៅទីនោះតែម្ដង។ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឲ្យក្រុមឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើតមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង។

គួរបញ្ជាក់ផងដែរថា ក្រៅអំពីឧកញ៉ា ស៊ឹង សំអុល នៅមានឧកញ៉ាមួយចំនួនទៀត នៅស្រុកកោះញែក ដែលមានក្រុមហ៊ុនវិនិយោគ ដីសម្បទាន សេដ្ឋកិច្ច និងសង្គមកិច្ច នៅតំបន់នោះ ដែលធ្លាប់អួតខ្លួនថា ឈើស្របច្បាប់ ហើយក្រុមហ៊ុននីមួយៗ វិនិយោគអស់រយៈពេលជាង១០ឆ្នាំ ហើយនៅតែមានឈើកាប់ដឹកជញ្ជូន ជារៀងរាល់ឆ្នាំ មកស្រុកស្នួលចូលច្រកត្រពាំងស្រែ និងបន្តទៅខេត្តត្បូងឃ្មុំផងដែរ។

ក្នុងករណីបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលមិនពាក់ព័ន្ធ គឺ​សប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែអ្នកពាក់ព័ន្ធ គឺ​មិនសូវសប្បាយចិត្តទៅវិញ ព្រោះវាជាដង្ហើមសេដ្ឋកិច្ចដ៏ធំបំផុត សម្រាប់ចំណូល ប្រចាំថ្ងៃ និងឆ្នាំ ។ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលមិនពាក់ព័ន្ធ ក៏សុំសំណូមពរដល់នាយឧត្ដមសេនីយ៍ សៅ សុខា មេត្តាបន្តបង្ក្រាបបន្ថែមទៀត នៅខេត្តភាគឦសាន ជាពិសេសខេត្តក្រចេះ សំបូរដោយគោយន្ត រថយន្តសាំយ៉ុង កែច្នៃ ដូចរថយន្តវេអងយីឌុប ដឹកជញ្ជូនគ្មានមេត្តា បង្កភាពមិនប្រក្រតីលើដងផ្លូវជាតិលេខ៧និង៧៣៕

Feature Ads