header ads

Sponsor

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនារីរូបស្រស់ជនជាតិខ្មែរ២នាក់ទៀត បើករថយន្តឡិចស៊ីសមួយគ្រឿង ឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវរថភ្លើងបុកចំពាក់កណ្តាលលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀង តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដីហុយ (តាមផ្លូវភ្នំពេញហាណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយគ្រឿង បំណងបើកឆ្លងកាត់ផ្លូវភ្នំពេញហាណូយទិសដៅពីលិចទៅកើត ដោយមានអ្នកប្រចាំការម្នាក់ពាក់ភ្លើងនៅលើក្បាល ជួយឲ្យសញ្ញាសម្រាប់រថភ្លើងឆ្លងកាត់ តែមិនបានទាញប៉ារ៉ាស់ទម្លាក់នោះទេ លុះដល់ចំណុចកើតហេតុខាងលើ រថភ្លើងឆ្លងកាត់ ក៏មានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-4519 បើកបរដោយបុរសម្នាក់ ជាជនជាតិចិន ព្រមទាំងមាននារីជនជាតិខ្មែរ២នាក់រួមដំណើរ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ឆ្លងកាត់មិនប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកចំពីចហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតចេញពីផ្លូវរថភ្លើងប្រហែល១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ចំណែករថភ្លើងមិនខូចខាតនោះទេ តែសំណាងល្អក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងកើតហេតុ ដោយភាគីខាងរថយន្តសូមយករថយន្តទៅជួសជុលដោយខ្លួនឯង តែខាងតំណាងរថភ្លើងមិនព្រម បែរជាទាមទារឲ្យភាគីខាងរថយន្តសងទៅខាងរថភ្លើង ចំនួន១៥០០ដុលារទៅវិញ ដោយសំអាងថា ពេលវេលារបស់គាត់ទៅដឹកអីវ៉ាន់របស់ក្រុមហ៊ន។ ដោយការចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចហៅរថយន្តស្ទូយមកស្ទូចរថយន្តយកទៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។

ទោះជាបែបនេះក្តី ប្រជាពលរដ្ឋបានលើកឡើងថា ភាគីខាងរថភ្លើងអាងអំណាច និងអាងខ្នងដោយអ្នកបើករថភ្លើងបាននិយាយថា រថភ្លើងជារបស់ក្រុមហ៊ុនលោកឧកញ៉ា គិត ម៉េង ទើបគេឃើញមានកម្លាំងអាវុធហត្ថ ចំនួន៣នាក់ និងតំណាងក្រុមហ៊ុនមកច្រងេងច្រងាងនៅកន្លែងកើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post