header ads

Sponsor

តាកែវៈ ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩ លោក​ តាន់ ផាន់ណារ៉ា ប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រកាសជាផ្លូវការថា តំបន់នៅក្នុងមូលដ្ឋានខាងលើនេះ គឺត្រូវបានរកឃើញថា មានផ្ទុកមេរោគជំងឺប៉េស្តជ្រូក​អាហ្វ្រិក ដែលជាប្រភេទជំងឺ​ដ៏កាចសហាវ កើតមាន​នៅលើសត្វជ្រូក ហើយវាមានការឆ្លងរីករាលដាលលឿនណាស់ចំពោសត្វជ្រូក និងមិនទាន់មានថ្នាំសម្រាប់ព្យាបាលជំងឺ​នេះបាននៅឡើយទេ តែមេរោគនេះ គឺមិនឆ្លងពីសត្វមកមនុស្សឡើយ។

ប្រធានអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្នើសុំអោយអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ចលនារបស់សត្វអោយបាន ដើម្បីជៀសវាងការឆ្លងរីករាលដានពីតំបន់មួយទៅតំបន់មួយទៀត។

បើតាមរបាយការណ៍​របស់លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តតាកែវ បានអោយដឹងថា នៅក្នុងខេត្តតាកែវមានសត្វជ្រូកចិញ្ចឹមដោយកសិដ្ឋាន និងការចិញ្ចឹមតាមលក្ខណៈគ្រួសារ គឺមានជ្រូកសរុបចំនួន ២២៧៨៤ក្បាល ដោយឡែកនៅក្នុងស្រុកអង្គរបូរី មានចំនួន៦៧៥០ក្បាល និងនៅក្នុងមូលដ្ឋាន ឃុំបន្លៃមាន ៦ភូមិ មានសរុប១២៦០ក្បាល ក្នុងភូមិអំពិល ដែលជាតំបន់ផ្ទុះជំងឺមានជ្រូក១២២ក្បាល មកទល់ពេលនេះ ក្នុងតំបន់នោះ គឺងាប់អស់១១១ក្បាលហើយ នៅសល់តែ១១ក្បាលកំពុងមានជំងឺ ហើយមន្ត្រីជំនាញកំពុងសម្របសម្រួលលើសត្វជ្រូកដែលនៅសល់១១ក្បាល ដែលកំពុងឈឺនេះ។

ជុំវិញការកើតមាននៅការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិ្វកនេះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានជំរុញអោយមន្ត្រីនៅក្រោមឱវាទ អោយយកចិត្តទុកដាក់ខ្ពស់លើការការពារ និងទប់ស្កាត់ការចរាចរសត្វ ដែលមានការនាំចូលពីប្រទេសជិតខាង និងទប់ស្កាត់ការចរាចរសត្វចេញពីតំបន់ផ្ទុះជំងឺ​នេះ។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា បើសិនជាមានមន្ត្រីរាជការរូបណា មិនថាជាកងកម្លាំង ឬមន្ត្រីជំនាញ ឬអាជ្ញាធរ ជាប់ពាក់ព័ន្ធលើការណីឃុបខិតគ្នាអោយមានជ្រូកចូល បើកអោយមានការដឹកជ្រូកចេញពីតំបន់ផ្ទុះជំងឺ​នោះ បន្តមកចម្លងមេរោគដល់តំបន់ផ្សេងៗទៀត មន្ត្រីទាំងនោះនឹងប្រឈរមុខជាមួយនិងផ្លូវច្បាប់ដោយខ្លួនឯងតែម្តង និងគ្មានការលើកលែង ឬយោគយល់ឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post