
ភ្នំពេញៈ បុរសម្នាក់ បើករថយន្តកុងតែន័រ ក្នុងល្បឿនលឿន បួងចង្កូតខ្លាំង បង្កអោយក្រឡប់ រថយន្តធ្លាក់ទូកុងតឺន័រតែម្ដង តែសំណាងល្អមិនបង្កអោយមានរបួសដល់មនុស្សឡើយ គ្រាន់តែបង្កអោយខូចខាតផ្លូវសាធារណៈបន្តិចបន្តួច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ១៨២ (មហាវិថី ទេពផន) មូលដ្ឋានសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 5A-0991 ស្លាកអក្សរកាត់ នៅមុខរថយន្ត L M H បានបើកបរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកែងផ្លូវលេខ១៨២ ដែលចំណុចនេះ ផ្លូវលេខ២៧១ មានស្ថានភាពកោងបន្តិច បានយកចង្កូតខ្លាំង បង្កអោយរថយន្តក្រឡប់តែម្ដង តែសំណាងល្អមិនបង្កអោយមានរបួសដល់មនុស្សឡើយ គ្រាន់តែខូចខាតផ្លូវសាធារណៈបន្តិចបន្តួច។ សូមបញ្ជាក់ផងដែរ ក្នុងហេតុការតៃកុងរថយន្តមិនបានរត់ទៅណាឡើយ ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានចុះមកដល់កើតហេតុ ដើម្បីធ្វើសម្រួលចរាចរណ៍ជៀសវាងបង្កការកកស្ទះ ហើយសមត្ថកិច្ចក៏បានទាក់ទងជាមួយក្រុមហ៊ុនរថយន្តកុងតឺន័រ អោយយករថយន្តសម្រាប់ស្ទួច កុងតឺន័រ ចេញពីកន្លែងកើតហេតុផងដែរ។ មួយវិញទៀតចំពោះការខូចខាតផ្លូវសាធារណៈ និងផ្ទះប្រជាពលរដ្ឋបន្តិចបន្តួច ខាងក្រុមហ៊ុននឹងដោះស្រាយតាមនីតិវិធី៕







