
ភ្នំពេញៈ បុរសម្នាក់ បានបោកក្បាលនិងថ្នល់ស្លាប់មួយរំពេច ខណៈជិះម៉ូតូលឿនពេក មិនប្រយត្ន័ ក៏ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយពេញទំហឹង កាលវេលាម៉ោង២៖៤០នាទីរំលងអធ្រាត្រថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ នៅចំណុចមុខ ផ្ទះប្ដូប្រាក់មួយកន្លែង នៅជិតស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានអោយដឹងថា សពរងគ្រោះឈ្មោះ តន សុភារ៉ាប៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី (Smash-V) ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BF-1921 តែម្នាក់ឯង និងមិនបានពាក់មួកសុវត្ថិភាពទេ ដោយមួកដាក់នៅជាប់ម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូង ចុះពីលើស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលខ្ទាតបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ ចំណែករ៉ឺម៉កដឹកបន្លែឃើញសភាពមិនស្រួល ណាមួយស្ងាត់ផង ក៏បន្តទៅមុខគេចបាត់ស្រមោលតែម្ដង។ ក្រោយមកមានបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានចុះមកដល់ និងបានទាក់ទងជំនាញផ្នែកវាស់វែង ខណ្ឌមានជ័យ ចុះមកធ្វើកំណត់ហេតុ ប្រគល់សពអោយរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំទាក់ទងស្វែងរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕





