header ads

Sponsor

បាត់ដំបងៈ ប្រភពពីអង្គភាពកងរាជអាវុធហត្ថស្រុកសំឡូត បានទម្លាយឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ជួប ណូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត បាន​ប្រើប្រាស់វត្ថុរឹងចាក់ទៅលើភ្នែករបស់មេបញ្ជាការរងរបស់ខ្លួនម្នាក់ ឈ្មោះ ឈឿន សុផាត បណ្ដាលឲ្យ​រងរបួសធ្ងន់ធ្ងរ ដោយ​មូលហេតុរឿងបាត់ឌីណាម៉ូរថយន្តបាកុងដែលកម្លាំងបង្រ្កាបបាន កាលពីថ្មីៗនេះ និងបានយកមករក្សាទុកក្នុងអង្គភាព ហើយរឿងរ៉ាវនេះ ត្រូវបាន​គេបិទបាំងស្ងាត់ដូចចោរលួចសេះអ៊ីចឹង។

បើតាមមន្ត្រីប៉េអឹមក្នុងអង្គភាព បានបង្ហើបថា ជម្លោះរវាងលោកមេបញ្ជាការ និងលោកមេបញ្ជាការរង នៅក្នុងអង្គភាពជាមួយគ្នានេះ មានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ធ្វើឲ្យផ្អើលពេញអង្គភាព តែក្រោយពីតឹងសរសៃ.កដាក់គ្នាជិតកន្លះម៉ោង ក៏ស្ងប់ស្ងាត់ទៅវិញ។

មន្ត្រីប៉េអឹមក្នុងអង្គភាព បានបន្តថា ក្រោយមក​ ខណៈលោក ឈឿន សុផាត កំពុងដេកលង់លក់ មិនដឹងថា លោក ជួប ណូ មកពីណានោះទេ ក្នុងស្ថានភាពស្រវឹងផង ក៏ដើរទៅចាក់ភ្នែក លោក ឈឿន សុផាត បង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតពេញអង្គភាពតែម្ដង។

ពាក់ព័ន្ធ នឹងលោកមេបញ្ជាការចាក់ភ្នែកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំឡូត ស្ទើរតែខ្វាក់ម្ខាងទៅហើយនោះ សារព័ត៌មានមិនទាន់អាចសុំការបំភ្លឺពីលោកឧតន្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បាននោះទេ ខណៈលោកវរសេនីយ៍ឯក ជួប ណូ ថា កំពុងជាប់រវល់ចែកអំណោយដល់ពលរដ្ឋ ដែលរងគ្រោះទឹកជំនន់នៅស្រុកសំឡូត  ។ ចំពោះលោក ឈឿន សុផាត ដែលរងរបួសភ្នែកឆ្វេងម្ខាង ក៏មិនអាចសុំការបំភ្លឺបន្ថែម អំពី បញ្ហានេះ បានដែរ។

ប៉ុន្តែលោកមេបញ្ជាការរងរូបនេះ ត្រូវបានមន្ត្រីក្នុងអង្គភាពស្រង់សំដីថា ក្រោយពេលកើតហេតុ លោកបានដាក់ពាក្យបណ្ដឹងទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងរួចរាល់ហើយផងដែរ។

ចំណែករឿងរ៉ាវខាងលើ យើងមិនដឹងថា តើលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង មានវិធានការយ៉ាងណានៅឡើយទេ ចំពោះលោក ជួប ណូ ប៉ុន្តែលោក ឈឿន សុផាត បានបង្ហើបបប្រាប់មិត្តភក្ដិនៅក្នុងអង្គភាពថា បើរឿងនេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មិនអាចដោះស្រាយរកយុត្តិធម៌ជូនលោកនោះទេ លោកនឹងប្ដឹងបន្តទៅនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជួយអន្តរាគមន៍ នឹងរកយុត្តិធម៌ជូនលោកឲ្យទាល់តែបាន ព្រោះនេះមិនមែនជាលើកទី១ទេ ដែលលោក ជួប ណូ ធ្វើទង្វើអសីលធម៌បែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post