
បាត់ដំបង៖ ក្រោយទទួលបានបណ្តឹង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពគាស់ទូលួចយកទ្រព្យសម្បត្តិអាជីវករក្នុងផ្សារថ្មីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សាយ ឌុក ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ជាជនដៃដល់ក្នុងករណី(គាស់ទូ)លួចយកទ្រព្យសម្បត្តិ និងដកហូតបានទ្រព្យសម្បត្តិជាគ្រឿងអលង្ការ(កាឡៃ)របស់ជនរងគ្រោះមួយចំនួនធំផងដែរ។
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងផ្សារ១៣មករា ហៅផ្សារថ្មីបាត់ដំបង ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានជនសង្ស័យមិនស្គាល់មុខបាន (គាស់ទូ) កញ្ចក់លួចយកសម្ភារ:ជាគ្រឿងអលង្ការ(កាឡៃ)និងសម្ភារ:ជាគ្រឿងសំអាងជាច្រេីនមុខរបស់ឈ្មោះ គឿង ជឿងថាក់ ភេទស្រី អាយុ២៣ឆ្នាំ ដែលជាអាជីវករលក់ដូរក្នុងផ្សារខាងលេី ហេីយសម្ភារ:បាត់បង់សរុបទឹកប្រាក់ជាប្រាក់ដុល្លាចំនួន១៨,០០០ដុល្លាអាមេរិក(មួយម៉ឺនប្រាំបីពាន់ដុល្លា) និងជាប្រាក់រៀលចំនួន៣,០០០,០០០រៀល(បីលានរៀល)។
ក្រោយពេលបាត់បង់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាល ហេីយក្រោយពេលធ្វេីការស្រាវជ្រាវទេីបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេី និងដកហូតយកទ្រព្យសម្បត្តិមួយចំនួនធំមកវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ រីឯសម្ភារ:ដែលដកហូតបាននិងធ្វើការប្រគល់ជូនម្ចាស់ដើមវិញ៕





