header ads

Sponsor

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកថា យោងតាមរបាយការណ៍ ចាប់តាំងពីមានការបង្កើតប្លាស្ទិកដំបូងរហូតដល់ឆ្នាំ២០១៥ សំណល់ប្លាស្ទិកនៅលើពិភពលោក គឺមានចំនួនប្រមាណជាជាង៨.៣ពាន់លានតោន ហើយរហូតមក​ដល់បច្ចុប្បន្ននេះ មានតែ៩%ប៉ុណ្ណោះនៃសំណល់ប្លាស្ទិក ត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។

លោកបានគូសបញ្ជាក់ថា សំណល់ប្លាស្ទិកកើនឡើងជារៀងរាល់ឆ្នាំ ដែលជាក្តីកង្វល់មួយសម្រាប់ពិភពលោក ហើយនៅឆ្នាំ ២០៥០ ខាងមុខ សំណល់ប្លាស្ទិកនឹងអាចកើនឡើងដល់ ៣៤ ពាន់លានតោន។ នៅឆ្នាំ ២០៥០ នេះ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

នេត្រ ភក្ត្រា បាននិយាយថា នៅប្រទេសកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង៤លានតោន ក្នុងនោះប្រមាណ២០%ជាសំណល់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង៣០០០តោនក្នុងមួយថ្ងៃដែលនៅក្នុងនោះ២០%ជាសំណល់ប្លាស្ទិក។

ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង១០លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាបមានប្រមាណ៤០០តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។

លោកបន្ថែមថា យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ថង់ នៅក្នុងមួយឆ្នាំ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ​១០%នៅក្នុងមួយឆ្នាំ ដោយសារតែកត្តាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូរេរបៀបនៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក។

ការលើកឡើងរបស់លោក នេត្រ ភក្ដ្រា នេះក្នុងឱកាសចូលរួមជាអធិបតីសម្ពោធការផ្សព្វ​ផ្សាយសៀវភៅស្តីពីពិភពប្លាស្ទិកឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះមេត្តា រាជធានីភ្នំពេញ។

លោកបានបន្តថា«សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក និងចូលរួមប្រើប្រាស់ឡើងវិញ ការកែច្នៃ ឬបដិសេធការប្រើប្រាស់ប្លាស្ទិក ដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិក ការពារបរិស្ថាន និងភពផែនដីរបស់យើង»៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post