ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដកមន្រ្តីរូបណា ដែលចាំតែរាយការណ៍ តែមិនធ្វើសកម្មភាព នៅនឹងកន្លែងចេញពីតួនាទី។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩។
ទន្ទឹមនឹងសង្កេតឃើញ មន្រ្តីមួយចំនួនអសកម្មនឹងការងារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានថា នឹងដកបញ្ឈរជើងមន្រ្តីទាំងនោះចេញពីតួនាទី។ ក្នុងន័យនេះ សម្តេចបញ្ជាក់ថា មន្រ្តីត្រូវតែដោះស្រាយបញ្ហានៅនឹងកន្លែង ដើម្បីបង្ហាញពីសមត្ថភាព មិនត្រូវចាំតែរាយការណ៍ និងបន្ទោសថ្នាក់ក្រោមនោះទេ។
ភ្ជាប់ជាមួយគ្នានេះ សម្តេចតេជោ ក៏បានរំលឹក និងលើកសរសើរអំពីសកម្មភាពជួយសង្រ្គោះពលរដ្ឋ ដែលរងគ្រោះដោយការបាក់អគារ នៅខេត្តព្រះសីហនុកន្លងមក ដោយសម្តេច មានប្រសាសន៍ថា មន្រ្តីថ្នាក់ក្រោមជាតិ ទាំងអភិបាលខេត្ត អភិបាលរង មេប៉ូលិស មេទាហាន មេប៉េអឹម បានរួមគ្នាប្រមូលកម្លាំងអន្តរាគម ដើម្បីដោះស្រាយបញ្ហាយ៉ាងសកម្មនៅនឹងកន្លែង។
សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជិត ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអំពាវនាវដល់សិស្សនិស្សិតអោយប្រឹងប្រែងសិក្សាបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេសជាតិ នៅថ្ងៃអនាគត៕
ផ្ដល់សិទ្ធិដោយ៖ KhmerNas