រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យមួយចំនួនក្នុងទីក្រុងនេះ បានប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ ដើម្បីយកទៅព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខាភិបាលទីក្រុងប៉េកាំងបាននិយាយថា ពាក្យចចាមអារាមតាមអ៊ិនធឺរណែត ដែលបានលើកឡើងថា ថ្នាំប្រឆាំងនឹងជំងឺអេដស៍ត្រូវបានគេប្រើ និងបង្ហាញថាមានប្រសិទ្ធភាពក្នុងការព្យាបាលវីរុសកូរ៉ូណា។ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានណែនាំឈ្មោះថ្នាំប្រឆាំងការឆ្លងមេរោគនិងព្យាបាលជំងឺអេដស៍ ដូចជាថ្នាំ Lopinavir និង Ritonavir ដែលមាននៅទីក្រុងប៉េកាំង ដើម្បីព្យាបាលវីរុសកូរ៉ូណា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មន្ទីរពេទ្យចំនួន៣នៅទីក្រុងប៉េកាំង ដូចជាមន្ទីរពេទ្យ Beijing Ditan Hospital មន្ទីរពេទ្យBeijing Youan Hospital និងមន្ទីរពេទ្យ No 5 Medical Center of PLA General Hospital បានចាប់ផ្ដើមប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ទាំងពីរប្រភេទនេះ ជាថ្នាំប្រឆាំងវីរុសកូរ៉ូណា។
ថ្នាំទាំងពីរប្រភេទនេះ គឺថ្នាំប្រឆាំងវីរុស ដែលមានមុខងាររារាំងសមត្ថភាពរបស់មេរោគអេដស៍ ក្នុងការទៅបំផ្លាញដល់កោសិកាដែលមានសុខភាពល្អ និងការបង្កើតឡើងវិញ ហើយជារឿយៗត្រូវបានគេប្រើរួមគ្នាដើម្បីព្យាបាលជំងឺអេដស៍នេះ។
ការស្រាវជ្រាវថ្មីលើករណីវីរុសកូរ៉ូណាលើអ្នកជំងឺក្នុងទីក្រុងវូហានចំនួន៤១នាក់ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃសុក្របានកត់សម្គាល់ថា ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការប្រើប្រាស់ថ្នាំទាំងនេះ ក្នុងការព្យាបាលជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរហៅថាSars ដែលជាវីរុសកូរ៉ូណារាតត្បាតមួយក្នុងប្រទេសចិនក្នុងឆ្នាំ ២០០២ និង ២០០៣ ។
ទោះយ៉ាងណា ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជាច្រើននៅក្នុងប្រទេសចិនដីគោក ក៏បាននិយាយដែរថា គ្មានវិធីសាស្ត្រព្យាបាលបែបនេះ ត្រូវបានគេទទួលស្គាល់នោះទេ។
អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃច័ន្ទម្សិលមិញដែរថា គេនៅមិនទាន់ច្បាស់ទេថា តើវីរុសដ៏គ្រោះថ្នាក់នេះ អាចឆ្លងពីម្នាក់ទៅម្នាក់ទៀត មុនពេលវាបានរោគសញ្ញាឬយ៉ាងណានៅឡើយទេ។ វាមិនបានបញ្ជាក់ភ្លាមៗនូវការអះអាងដែលធ្វើឡើងដោយអាជ្ញាធរចិន ថាអ្នកដែលឆ្លងអាចឆ្លងជំងឺនេះ មុនពេលពួកគេបង្ហាញរោគសញ្ញាគ្រុនក្តៅឬពិបាកដកដង្ហើមឡើយ។
វីរុសនេះ ត្រូវបានគេជឿថា បានកើតឡើងតាំងពីចុងឆ្នាំមុននៅក្នុងទីផ្សារអ៊ូហានដែលលក់សត្វព្រៃខុសច្បាប់។ ភាគច្រើននៃវីរុសនេះ មិនត្រូវបានគេដឹង រួមទាំងរបៀបដែលវារាលដាលយ៉ាងងាយស្រួល និងថាតើវាមានគ្រោះថ្នាក់ប៉ុណ្ណា៕
ប្រភព៖ South China Morning Post
ផ្ដល់សិទ្ធិដោយ៖ KhmerNas