header ads

Sponsor





បន្ទាប់ពីបញ្ចប់គម្រោងអភិរក្សដំណាក់កាលទី១ នៅខែកក្កដា ឆ្នាំ២០១៩ លើកម្មវិធីសិក្សាស្រាវជ្រាវឯកសារ ចុះបញ្ជីថ្មរាយប៉ាយ រកថ្មនិងរៀបផ្គុំសាកល្បង ធ្វើសម្រង់ប្លង់ និងការរុះរើថ្ម (តួប្រាសាទទាំងស្រុងចាប់ពីដំបូលរហូតដល់គ្រឹះ) រួចរាល់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ពេលនេះក្រុមការងារកំពុងបន្តគម្រោងដំណាក់កាលទី២ (ឆ្នាំ២០២០) ដោយចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ រៀបផ្គុំថ្មខឿន និងតួប្រាសាទវិញរហូតដល់ស្រទាប់ទី១៥ (ត្រឹមធ្នឹមទ្វារ) ហើយគម្រោងដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១។
លោក ជា សារិទ្ធិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលប្រាសាទទន្លេស្ងួតបានឱ្យដឹងថា ចំពោះហានិភ័យដែលនាំឱ្យប្រាសាទនេះប្រឈមនឹងការរលំបាក់នោះ គឺដោយសារកត្តាទឹក ដើមឈើ និងអាយុកាលសំណង់ ជាពិសេសគ្រឹះប្រាសាទចុះខ្សោយ ហើយតួប្រាសាទទ្រេតខ្លាំងទៅជ្រុងខាងលិច (លើសពី១៥ដឺក្រ) ថ្មរចនាសម្ពន្ធជញ្ជាំង និងដំបូលស្ទើរតែទាំងអស់បានរំកិលចេញពីស្ថានភាពដើម (ប្រហោងចន្លោះពី៥ស.ម.ទៅ៤៥ស.ម. ចំណែកថ្មជញ្ជាំងនិងដំបូលមួយភាគធំត្រង់ជ្រុងអាគ្នេយ៍និងពាយ័ព្យរលុះធ្លាក់ដល់ដី។
បន្ទាប់ពីសិក្សាវាយតម្លៃផ្នែកស្ថាបត្យកម្ម តម្រូវឱ្យក្រុមការងារសម្រេចអនុវត្តការជួសជុលជាបន្ទាន់ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអនុសាសន៍ពីអ្នកជំនាញការ Ad hoc របស់អង្គការយូណេស្កូ (UNESCO) ដែលអនុញ្ញាតឱ្យរុះរើនិងរៀបផ្គុំឡើងវិញចាប់ពីដំបូលរហូតដល់គ្រឹះប្រាសាទ ហៅថា Anastylosis។
លោក សារិទ្ធ បន្តថា ដើម្បីសង្គ្រោះប្រាសាទឱ្យមានលំនឹងស្មើឡើងវិញ យើងត្រូវជួសជុលពង្រឹងគ្រឹះ ខឿន និងតួប្រាសាទឡើងវិញដោយគោរពទៅតាមលក្ខណៈបច្ចេកទេសនិងសម្ភារបុរាណ។ ដូច្នេះទើបក្រុមការងារមិនបានរើផ្នែកគ្រឹះទាំងស្រុងទេ ដោយរើថ្មជាផ្នែកៗ សម្អាតកំណកដី រួចផ្លាស់ប្តូរចេញនូវថ្មពុកផុយ និងទំហំតូចស្តើង ហើយដាក់ជំនួសវិញនូវថ្មថ្មីដែលមានទំហំធំនិងគុណភាពល្អ។ ទន្ទឹមគ្នានេះ ក្រុមការងារបានរៀបផ្គុំសាកល្បងនូវថ្មស្រទាប់ក្រោមបង្អស់ ដោយប្រើនូវស្នៀតឈើសម្រាប់កល់ឬលើកកម្ពស់ថ្មឱ្យត្រូវគ្នាទៅតាមលំនាំដើមវិញ ហេតុនេះហើយទើបក្រុមការងារមិនអាចរើថ្មអស់ទាំងស្រុង គឺដើម្បីរក្សានូវកម្រិតកម្ពស់ដើមនិងទីតាំងដើមរបស់ថ្មនីមួយៗ។ បន្ទាប់ពីរៀបផ្គុំស្រទាប់ទី១រហូតដល់ស្រទាប់ទី៣ និងស្រទាប់បន្តបន្ទាប់ត្រូវតាមលំនាំដើមរួចរាល់ ក្រុមការងារត្រូវរុះរើថ្មរហូតដល់ស្រទាប់ទី១ចេញវិញ ហើយត្រូវប្តូរថ្មគ្រឹះបាយក្រៀមពុកផុយ និងទំហំតូចស្តើងចេញ ហើយដាក់ថ្មថ្មីដែលមានទំហំធំជាងមុន តាមអនុសាសន៍របស់អ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ។
ចំពោះកំណាយសិក្សាគ្រឹះប្រាសាទនិងស្រាវជ្រាវ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ការធ្វើកំណាយនេះគឺមានប្រយោជន៍ដើម្បីសិក្សាអំពីការរៀបចំគ្រឹះប្រាសាទ មូលហេតុដែលនាំឱ្យប្រាសាទស្រុត និងរបៀបនៃការសាងសង់ប្រាសាទ។ ជាលទ្ធផលបានបង្ហាញថា ប្រាសាទទន្លេស្ងួតមិនបានសង់នៅលើដីធម្មជាតិនោះទេ។ ផ្ទុយទៅវិញ គេបានលើកដីមកពូនឱ្យខ្ពស់ដល់កម្ពស់ដែលគេចង់បាន បន្ទាប់មក គេបានកាប់ដីទួលនោះជារណ្តៅដែលមានប្រវែងបណ្តោយនិងទទឹងវែងជាងតួប្រាសាទ និងកម្រាលព័ទ្ធជុំវិញពីខាងក្រៅប្រាង្គប្រមាណជា១,៥០ម៉ែត្រ។ នៅក្នុងរណ្តៅគ្រឹះនេះ គេបានបំពេញស្រទាប់ដីខ្សាច់ដែលបង្ហាប់ឆ្លាស់គ្នាជាមួយស្រទាប់ដីឥដ្ឋលាយខ្សាច់និងស្រទាប់ដីឥដ្ឋលាយថ្មភ្នំ។ ដូច្នេះ មូលហេតុសំខាន់ដែលនាំឱ្យប្រាសាទស្រុត គឺបណ្តាលមកពីការរលួយនៃឫសឈើដែលងាប់ក្នុងស្រទាប់ដីបង្ហាប់ធ្វើគ្រឹះនេះ។
លោក សុជាតិ បន្តថា កំណាយក៏បានរកឃើញសំណល់គ្រឹះនៃកំពែងថ្មបាយក្រៀមរបស់មន្ទីរពេទ្យដែលជាទូទៅមានបណ្តោយប្រមាណជា៣១ម៉ែត្រនិងទទឹងជាង២០ម៉ែត្រ។ ផ្នែកនៃជញ្ជាំងត្រូវបានបាត់បង់ទាំងស្រុង។ វាប្រហែលជាត្រូវបានគេរុះរើនៅពេលគេឈប់ប្រើប្រាស់មន្ទីរពេទ្យនេះ។ លក្ខណៈបែបនេះក៏ធ្លាប់ជួបនិងរកឃើញផងដែរនៅប្រាសាទតាម៉ូង (មន្ទីរពេទ្យ) នៅខាងលិចខ្លោងទ្វារតាកាវ។ នៅក្នុងរណ្តៅកំណាយនេះ ក៏រកឃើញបំណែកក្បឿងនៅរាយប៉ាយ ដែលស្លាកស្នាមនេះគឺជាភស្តុតាងនៃការរុះរើសំណង់ស្រាលនៅក្នុងមន្ទីរពេទ្យក្រោយពេលគេឈប់ប្រើប្រាស់វា។ ក្រៅពីនោះ ក៏បានប្រទះឃើញបំណែកកុលាលភាជន៍តិចតួច រួមជាមួយបំណែកថ្មភក់ តែមិនបានប្រទះឃើញមានសំណល់សំបកថ្នាំទំនើបដូចសព្វថ្ងៃឡើយ ដោយសារតែវិជ្ជាពេទ្យសម័យបុរាណប្រើប្រាស់ថ្នាំជារុក្ខជាតិ វល្លិ៍ ឫស សំបក ស្លឹកឈើ ក្នុងការព្យាបាលរោគ៕
អត្ថបទ៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ
រូបភាព៖ លោក ហាប់ គឺមអាន
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post