header ads

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅរដ្ឋមន្រ្តីក្រ​សួងសុខា​ភិបាលលោក ម៉ម ប៊ុនហេង ឲ្យចាត់តាំងមន្រ្តីប្រចាំការ២៤ម៉ោង ដែលមានសមត្ថភាព រងចាំទទួលទូរស័ព្ទពលរដ្ឋ ហៅតាមលេខ ១១៥ និងត្រូវឆ្លើយតប​ឲ្យបានទាន់​ពេល​វេលា។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០។

ក្រោយពីទទួលបានសារ អំពីភាពមិនប្រក្រតីរបស់មន្រ្តីប្រចាំការសុខាភិបាល ពាក់​ព័ន្ធនឹងការហៅរបស់ប្រជាពលរដ្ឋ តាមរយៈលេខទួរស័ព្ទ ១១៥ ដែលក្រសួង​សុខា​ភិបាល បានដាក់ឲ្យពលរដ្ឋទូរស័ព្ទពេលដែលមានហេតុការណ៍អ្វីបន្ទាន់កើតឡើង សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ធ្វើការ​ត្រួត​ពិនិត្យមន្រ្តីរបស់ខ្លួន និងចាត់តាំងមន្រ្តីដែលពេញសមត្ថភាព ដើម្បីធ្វើការលើរឿងនេះ។

សម្តេចលើកឡើងដូច្នេះថា« ខ្ញុំស្នើឲ្យឯកឧត្តម ម៉ម ប៊ុនហេង ចាត់មនុស្សដែលមាន​សមត្ថភាព ក្នុងការប្រចាំការលេខទូរស័ព្ទ១១៥..​. ខ្ញុំឃើញគេ​បង្ហោះតាម​ហ្វេសប៊ុក​មួយ ប៉ុន្តែមិនដឹងថាពិតប៉ុណ្ណា ហៅទៅមួយ មួយថាត្រូវទាក់ទងទៅកន្លែងនោះ ដល់ទាក់​ទាក់ទងទៅកន្លែងនោះ កន្លែងនោះឲ្យទាក់ទងទៅកន្លែងនោះ បើឆ្លើយ​ដាក់គ្នាតែចឹង អ្នកជំងឺពឹងអី? ចឹងទេ ត្រូវពង្រឹង​សមត្ថភាព​បន្ទាន់​លើអ្នកប្រចាំការ»។

សម្តេច បានបន្ថែមថា នៅពេលដែលប្រជាពលរដ្ឋទាក់​ទងប្រាប់ពីដំណឹង​អំពីបញ្ហាផ្សេង​ៗ មន្រ្តីទទួលបានបន្ទុកត្រូវតែលើកទូរស័ព្ទ និងទាក់ទងទៅ​កន្លែងកើតហេតុការណ៍​ដោយផ្ទាល់ មិនត្រូវឲ្យពលរដ្ឋទាក់ទៅវិញទៅមកនោះទេ។

ជាមួយគ្នានេះ សម្តេចបន្តអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ និងភ័យខ្លាច​មេរោគកូវីដ១៩ ខ្លាំងពេក ខណៈកម្ពុជា ទើបតែមានឆ្លងមកពល​រដ្ឋខ្មែរមួយករណី​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យពលរដ្ឋជឿជាក់​លើវិស័យសុខា​ភិបា​លកម្ពុជាផងដែរ៕

ផ្ដល់សិទ្ធិដោយ khmernas
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post