header ads


ដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងបើកសារមន្ទីរចំនួនបី គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី ដោយឥតគិតថ្លៃឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០។
ទាក់ទងនឹងការបើកសារមន្ទីរទាំងបីឱ្យភ្ញៀវចូលទស្សនាដោយសេរីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទី១ គឺដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប។ ទី២ បង្កើនចំណេះដឹងតាមរយៈការស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្តខ្មែរឱ្យបានទូលំទូលាយ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ពិសេសសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សាអប់រំនានា និងទី៣ គឹបង្កើនមោទនភាពជាតិអំពីប្រវត្តិសាស្រ្ត អតីតកាលរបស់ខ្លួនកាន់តែខ្លាំងដល់យុវជនជំនាន់ក្រោយ។
ចំពោះសមុច្ច័យសំខាន់ៗដែលបានតាំងបង្ហាញនៅក្នុងសារមន្ទីរនីមួយៗ លោកឡុង កុសល បញ្ជាក់ថា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺបានសហការជាមួយឥណ្ឌា តាំងបង្ហាញនូវផលិតផលប្រពៃណី មានសម្លៀកបំពាក់ធ្វើពីសូត្រនៅតាមបណ្តាប្រទេសទាំង៦នៅជុំវិញដងទន្លមេគង្គដូចជា ថៃ ឡាវ ភូមា កម្ពុជា វៀតណាម និងឥណ្ឌា។ រីឯសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរតាំងបង្ហាញនូវបដិមាដែលកំណាយបានពីប្រាសាទបន្ទាយក្តី បដិមានៅសម័យអង្គរ ពិសេសសមុច្ច័យដែលបានពីកំណាយនៅបារាយណ៍ខាងលិច គោកប៉ាទ្រី និងកន្លែងផ្សេងៗទាក់ទងនឹងការរស់នៅរបស់មនុស្សសម័យបុរាណ ការកប់សព សម្ភារប្រើប្រាស់ផ្សេងៗ ដែលបង្ហាញពីប្រវត្តិសាស្រ្តខ្មែរដ៏ឧត្តុងឧត្តម។ ទី៣ សារមន្ទីរឡតានី ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី គឺជាកន្លែងផលិតកុលាលភាជន៍ ត្រូវបានរកឃើញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានាទស្សវត្សរ៍ឆ្នាំ១៩៩០។ សារមន្ទីរនេះ បានផ្តល់នូវព័ត៌មានដ៏សំខាន់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរបុរាណតាមរយៈការប្រើប្រាស់ភាជន៍ ការរស់នៅប្រចាំថ្ងៃរបស់បុព្វបុរស និងដឹងថាពួកគាត់បានផ្តល់តម្លៃអ្វីខ្លះក្នុងទិដ្ឋិភាពសង្គមនាពេលនោះ។ ទាំងនេះជាការណ៍សំខាន់ណាស់ ដើម្បីឱ្យសាធារណជនបានសិក្សាស្រាវជ្រាវ បណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិទាំងអស់គ្នា។
ក្នុងនាមជាអ្នកនាំពាក្យ លោក ឡុង កុសល ក៏បានអំពាវនាវដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសបណ្តាគ្រឹះស្ថានសិក្សាអប់រំនានា សូមអញ្ជើញដឹកនាំសិស្សានុសិស្សមកចូលរួមទស្សនាឱ្យបានច្រើនកុះករ ហើយការមកទស្សនា ស្វែងយល់ផ្ទាល់ ជាផ្នែកមួយនៃការអប់រំដ៏សំខាន់ ដែលសិស្សានុសិស្សអាចនឹងទទួលបានចំណេះដឹងថ្មីដែលមិនធ្លាប់ដឹងកន្លងមក៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post