header ads

Sponsor




ក្នុងទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះសប្បុរសជនមួយចំនួនរួមមាន ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ និងលោកជំវាវឧកញ៉ា ស៊ុយ ស៊ីផាន ព្រមទាំងសប្បុរសជនផ្សេងទៀតដែលបានលះបង់ធនធានថវិកាផ្ទាល់ខ្លួនចួលរួមជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សប្រាសាទនិងវត្តអារាមមួយចំនួន។
ដោយឡែកសម្រាប់ការអភិរក្សបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បាននិងកំពុងចូលរួមជួយឧបត្ថម្ភថវិកា ទៅលើការជួលជុលរហាត់ទឹកដែលមានតាំងពីសម័យទសវត្សរ៍ទី៦០ បានជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដែលបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧សតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ ការដាំដើមឈើ និងកិច្ចការដទែទៀតផងដែរ។
ការជួយឧបត្ថម្ភពីសប្បុរសជនទាំងអស់នោះ គឺជាសក្ខីភាព ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់ទេសភាពវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពលេចធ្លោជាសកលស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ៗ គ្នា ជាមួយរាជរដ្ឋាភិបាល ជាពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នអាជ្ញាធរជាតិអប្សរា។
ក្នុងនោះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា បានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបរបស់បុព្វរសខ្មែរ ដែលបានបន្សល់ទុក ដើម្បីឱ្យកូនខ្មែរទាំងអស់បានយល់ដឹងកាន់តែច្បាស់ និងចូលរួមក្នុងការការពាររក្សានូវមរតកវប្បធម៌ទាំងអស់នោះតរៀងទៅ។
ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ នេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសាធារណជនទាំងអស់ សូមសិក្សាស្វែងយល់ ចូលរួមឧបត្ថម្ភគាំទ្រ ការការពារ និងថែរក្សាអភិរក្សបេតិកភណ្ឌទាំងអស់គ្នា ព្រោះការងារការពារបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា ស្របតាមពាក្យស្លោកថា «វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»៕
អត្ថបទ៖ លោក ចិន ស៊ីយ៉ាំង និង រូបភាព៖ ឯកឧត្តម យិត ចាន់ដារដ្ឋ
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post