លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងនៅក្នុងសន្និបាតបូកការងារនៅក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៦មីនា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលមានឥទ្ធិពលនិងមានប្រាក់នៅក្នុងសង្គម អាចត្រូវបានអនុវត្តទោសដោយមិនស្មើរភាពគ្នា។
លោកថា៖«ភាគច្រើនករណីដែលធំៗ ដែលយើងបានចេញនូវលទ្ធផលកន្លងមកនេះ ប៉ុន្តែការកាត់ទោសខ្លះនៅតែមានការសង្ស័យ ខ្ញុំនិយាយដូច្នេះ យើងអាចដឹងនូវករណីណាខ្លះ ដែលជាករណីធំៗមួយចំនួន។ អ៊ីចឹង សូមពិនិត្យបញ្ហាហ្នឹង និងសុំឱ្យប្រុងប្រយ័ត្នបំផុត។ ខ្ញុំស្នើឱ្យនាយកដ្ឋានអនុវត្តច្បាប់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ត្រូវតែតាមដាននូវករណីធំៗទាំងនោះ ដោយមិនមានការលើកលែង ហើយកាត់ទោសមិនត្រូវតាមច្បាប់ ត្រូវតែតវ៉ា និងទាមទារឱ្យកាត់ឡើងវិញ»។
ការលើកឡើងរបស់លោក កែ គឹមយ៉ាន នេះ ខណៈរបាយការណ៍ប្រចាំឆ្នាំបានបង្ហាញថា ក្នុងឆ្នាំ ក្នុងឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបចាប់មេខ្លោង និងកាត់ផ្ដាច់បណ្ដាញជួញដូរគ្រឿងញៀនធំៗ ចំនួន៦១ករណី ដោយចាប់ឃាត់ខ្លួនបាន១៤០នាក់៕
ផ្ដល់សិទ្ធិដោយ៖ khmernas