ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
ក្នុងការសម្អាតនេះដែរ ក្រុមពលករជំនាញនៃអាជ្ញាធរជាតិអប្សរា តែងប្រើរន្ទា ខ្សែពួរ ដើម្បីឡើងលើប្រាសាទ និងប្រើដៃ កាំបិត ពូថៅ ក្នុងការដកឬកាត់កូនឈើដែលដុះលើតួប្រាសាទ។