header ads

Sponsor

ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
លោក ឡៃ ប៉ូទី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រង ទឹក និងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវុឌ្ឍកម្ម និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានឱ្យដឹងថា គម្រោង PAAGERA បានចាប់ផ្តើមផ្តល់ថវិកាបដិភាគក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរពីឆ្នាំ២០១៨មក។ ហើយ៣ខែដើមឆ្នាំនេះ គម្រោងសង់បង្គន់៧០ជូនពលរដ្ឋចំនួន៣ឃុំ មានឃុំដូនកែវ២៤បង្គន់ ឃុំរុនតាឯក២៩បង្គន់ និងឃុំបល័ង្ក ១៧បង្គន់។
តាមការបញ្ជាក់ពីលោក ឡៃ ប៉ូទី ក្នុងគម្រោងថវិកាបដិភាគសង់បង្គន់អនាម័យនេះ អាជ្ញាធរជាតិអប្សរាបានផ្តល់នូវជម្រើស៣ប្រភេទសម្រាប់ពលរដ្ឋជ្រើសរើស ដែលជម្រើសទី១អាជ្ញាធរជាតិអប្សរាផ្តល់ថវិកា៤០ភាគរយ, ជម្រើសទី២ ថវិកា៣០ភាគរយ និងទី ៣ ចំនួន២០ភាគរយ។ ប្រជាពលរដ្ឋដែលយកជម្រើសទី១ត្រូវចូលរួមថវិកាសង់បង្គន់ត្រឹមតែចំនួន ១៥៦,០០០រៀល, ជម្រើសទី ២ ថវិកា២៩៤,០០០រៀល និងជជ្រើសទី៣ ថវិកា ៤៦៤,០០០រៀល គឺទៅតាមតម្លៃស្តង់ដាបង្គន់ដែលគម្រោងបានសិក្សាតម្លៃចន្លោះពី ២៦ម៉ឺន, ៤២ម៉ឺន និង ៥៨ម៉ឺនរៀលសម្រាប់ប្រភេទបង្គន់នីមួយៗ។ លោកពន្យល់ទៀតថា គម្រោងនេះមានសារសំខាន់ណាស់ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលើផ្នែកអនាម័យ ការបន្ទោរបង់ ធ្វើយ៉ាងណាឱ្យមានបង្គន់អនាម័យប្រើប្រាស់គ្រប់ផ្ទះ ជៀសវាងការបន្ទោរបង់ពាសវាលពាសកាល ដែលបង្កើតឱ្យមានជំងឺឆ្លងផ្សេងៗ ខាតបង់ថវិកានិងពេលវេលារបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១៨មក អាជ្ញាធរជាតិអប្សរាបានចូលរួមថវិកាបដិភាគដើម្បីសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន ១,២០០បង្គន់រួចហើយ៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមការងារនៃគម្រោង PAAGERA
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post