សារព័ត៌មានThe New York Times បានចេញផ្សាយនៅថ្ងៃទី១៣មេសានេះថា លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ ដែលជាប្រទេសមានប្រជាជនដែលជាអ្នកនេសាទនិងកសិករនៅរស់នៅតាមដងទន្លេគង្គ បានជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលពួកគេមិនធ្លាប់ជួប។
នៅក្នុងទស្សនកិច្ចនៅក្នុងប្រទេសឡាវកាលពីខែកុម្ភៈកន្លងទៅនេះ លោក Wang Yi បានលើកឡើងថា ប្រទេសចិនបានយល់ពីអារម្មណ៍នៃការឈឺចាប់របស់ពលរដ្ឋឡាវ ហើយថាប្រទេសចិនក៏បានជួបស្ថានភាពគ្រោះរាំងស្ងួតនេះដែរ ដោយសារតែការស្រកចុះនៃទឹកទន្លេមេគង្គ។
ប៉ុន្តែតាមការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកអាកាសធាតុអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទទី១៣មេសានេះបង្ហាញជាលើកដំបូងថា ប្រទេសចិនមិនបានជួបប្រទះផលលំបាកខ្លាំងដោយសារគ្រោះរាំងស្ងួតឡើយដូចការអះអាងឡើយ។ ផ្ទុយទៅវិញវិស្វករប្រទេសនេះ ហាក់បានធ្វើឱ្យកម្រិតទឹកទន្លេស្រកចុះទាបជាប្រវត្តិសាស្រ្ដដោយផ្ទាល់ តាមរយៈការកំណត់អំពីទំហំទឹកទន្លេមិនឱ្យហូរ។
លោក Alan Basist ដែលជាអ្នកសរសេររបាយការណ៍នៃសិក្សានេះ និងជាអ្នកតាមដានធនធានទឹកម្នាក់បាននិយាយថា ទិន្នន័យពីប្រព័ន្ធផ្កាយរណបមិនបានកុហកឡើយ ហើយមានទឹកច្រើននៅតំបន់ខ្ពង់រាបនៃប្រទេសទីបេ។ សូម្បីតែប្រទេសនានាដូចជាកម្ពុជានិងថៃ ក៏បានស្ថិតនៅក្រោមការគំរាមកំហែងដ៏ខ្លាំងដែរ។
លោកបន្ថែមថា មានបរិមាណទឹកច្រើនណាស់ដែលកំពុងត្រូវបានរក្សាទុកនៅប្រទេសចិន។
ទន្លេមេគង្គគឺជាទន្លេមួយដែលមានជីជាតិច្រើនបំផុតនៅលើផែនដី ដែលចិញ្ចឹមមនុស្សរាប់សិបលាននាក់ជាមួយទឹកសម្បូរទៅសារធាតុចិញ្ចឹមនិងត្រី។ ប៉ុន្តែដោយមានការសាងសង់វារីអគ្គិសនីជាបន្តបន្ទាប់ ហើយភាគច្រើននៅក្នុងប្រទេសចិន បានធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិរបស់ទន្លេទាំងនេះ។
ប្រទេសចិនដែលគ្រប់គ្រងទន្លេមេគង្គលើ គឺផ្តល់ទឹកទន្លេដល់ទៅ៧០ភាគរយនៅក្នុងរដូវប្រាំង មកផ្ទៃទន្លេមេគង្គក្រោម។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌលStimsonបាននិយាយថា បញ្ហាគឺថាប្រទេសចិនមើលឃើញទឹកជារបស់ប្រើប្រាស់សម្រាប់តែប្រទេសខ្លួន ហើយមិនមែនសម្រាប់ប្រើប្រាស់រួមគ្នានោះទេ៕

ផ្ដល់សិទ្ធិដោយ៖ khmernas