មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានស្រង់ព្រះបដិមាសីសៈចំនួន២ ចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច គឺមានរូប បដិមាទេវតា១ និងអសុរា(យក្ស)ចំនួន១ ជាចម្លាក់ទាញព្រ័ត្រដែលនៅខ្លោងទ្វារខ្មោច។
មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទលោក ឈូក សុម៉ាឡា បានរៀបរាប់ថា លក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញមាន៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ និងខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និងបំណែកទងត្រចៀកឆ្វេងស្តាំ ហើយចំណែកអសុរាវិញមានតែផ្នែកខាងក្រោយជាមួយក្បាច់លម្អសក់ និងមិនមានព្រះភក្ត្រទេ។
ការប្រទះឃើញព្រះបដិមាសីសៈទាំង២ នៅក្នុងប្រឡាយទឹក មិនមែនជារឿងចៃដន្យនោះទេ ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះបានខូចខាតដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងសង្គ្រាម ទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹក ខ្លះកប់ក្នុងដី ខ្លះនៅលើដីជាច្រើនទៀត។
នេះបើតាមការអះអាងរបស់លោក សុម៉ាឡា ជូនដល់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១ខែ មេសាឆ្នាំ២០២០។ សូមជម្រាបថា ព្រះបដិមាសីសៈទាំង២នេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុល មុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ៕
ផ្ដល់សិទ្ធិដោយ៖ khmernas