header ads

Sponsor

ខ្សែបម្រើ​ប្រយុទ្ធកូរ៉េខាងត្បូង​ Son Heung-Min ដែល​បច្ចុប្បន្នជាកីឡាកររបស់ក្លឹប Tottenham Hotspur នឹង​ត្រូវ​ស៊ូទ្រាំជាមួយ​ឧស្ម័នបង្ហូរទឹកភ្នែក ការហ្វឹកហាត់ឆ្លងកាត់អគ្គីភ័យជាក់ស្ដែង និង​ត្រូវរត់ចម្ងាយ ៣០គីឡូម៉ែត្រ​ដោយ​មាន​យោងទម្ងន់​ពេញខ្លួន ​ក្នុងអំឡុងពេល ៣សប្ដាហ៍​នៃការ​ហ្វឹកហាត់​យោធា នៅប្រទេស​កូរ៉េ​ខាងត្បូង ដែល​នឹង​ចាប់​ផ្តើម​​ក្នុងខែនេះ។ នេះបើយោងតាម​​ព័ត៌មាន​ពី​មន្ត្រី​កងទ័ព​ជើងទឹក​កូរ៉េខាងត្បូង កាលពីថ្ងៃ​អង្គារ ទី ០៧ខែមេសា ឆ្នាំ ២០២០​។

តាម​ក្លឹប Tottenham កីឡាករ​ដ៏សំខាន់របស់ខ្លួនម្នាក់នេះ នឹង​ចាប់ផ្ដើម​កាតព្វកិច្ចយោធា ​នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ ខាងមុខ​ នៅអង្គភាពទាហានជើងទឹក​នាកោះ Jeju ភាគខាងត្បូង​បំផុតនៃប្រទេសកូរ៉េខាងត្បូង។

តាមរបស់​មន្ត្រីប្រចាំអង្គភាពទាហានជើងទឹក​ Son នឹង​ទទួល​បាន​ការហ្វឹកហាត់រយៈ​ពេលខ្លី បើធៀបនឹង​ទាហានថ្មីផ្សេងៗទៀត ដែល​ក្នុងនោះរួមមានការអប់រំពីវិន័យ ការហ្វឹកហាត់ប្រយុទ្ធ និង​សមយុទ្ធ​គីមីសាស្ត្រ ជីវសាស្ត្រ​ វិទ្យុសាស្ត្រ និងនុយក្លេអ៊ែរផងដែរ។

នៅចុងបញ្ចប់នៃរយៈពេល ៣សប្ដាហ៍នៃការ​ហ្វឹកហាត់នេះហើយ Son នឹង​ត្រូវរត់លើ​ចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ​ ដោយ​អាច​នឹង​ត្រូវស្ពាយ​សម្ភារៈ ដែលមានទម្ងន់​រហូត​ដល់ ៤០គីឡូក្រាម​ជាមួយ​ថែមទៀតផង។ ក្នុងអំឡុងពេលហ្វឹកហាត់នេះ ទាហានទាំងអស់ ​នឹងត្រូវគេវាស់កម្ដៅ និងពិនិត្យសុខភាពជាប្រចាំ ហើយ​ក៏ត្រូវរក្សាគម្លាតពីគ្នាសមស្របផងដែរ ដើម្បីជៀសវាងការចម្លង​វីរុស​កូរ៉ូណា។ ក្រុម​គ្រូពេទ្យ​យោធា ក៏អាច​នឹង​ ព្យាបាលរបួស​បាក់ដៃ​របស់ Son ដែរ បើចាំបាច់។

គួរជម្រាបជូនថា តាមច្បាប់របស់កូរ៉េខាងត្បូង គ្រប់ពលរដ្ឋ​កូរ៉េខាងត្បូង​ដែល​ជាបុរស មានអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំ ​ទាំងអស់ ​ត្រូវតែមានកាតព្វកិច្ច​ចូល​រួម​ហ្វឹកហាត់​បម្រើ​កងទ័ព រយៈពេល ២ឆ្នាំ (ចំពោះស្រ្តី មិនតម្រូវឲ្យ​ចូលហ្វឹកហាត់ទេ តែអាចចូលរួម​ក្នុងជួរកងទ័ពបាន)។ ច្បាប់នេះ ត្រូវបាន​ចែងដោយ​សារតែកូរ៉េខាងត្បូង នៅតែមានការប្រុងប្រយ័ត្ន​ពីជម្លោះជាមួយ​កូរ៉េខាងជើង ដែល​មិន​ទាន់ផុតរលត់ទាំងស្រុង។

ប៉ុន្តែលក្ខខណ្ឌនេះ នឹងត្រូវលើកលែងសម្រាប់​បុគ្គល​ណា ដែលបាន​ក្លាយជាវីរជន​តំណាងជាតិមាតុភូមិ។  តួយ៉ាងដូចជា Son Heung-min ដែល​ត្រូវលើកលែងកាត្វកិច្ច​បម្រើទ័ព ២ឆ្នាំ ហើយ​បង្រួម​មក​ត្រឹមជាការហ្វឹកហាត់រយៈពេលខ្លីនេះ ក៏​ព្រោះតែគេ​បាន​ក្លាយជាវីរបុរសរបស់ជាតិ តាមរយៈការជួយ​នាំក្រុម​ជម្រើសជាតិកូរ៉េខាងត្បូង ឲ្យ​ទទួលបានមេដាយ​មាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឬ ហៅថា Asian Games កាលពីឆ្នាំ ២០១៨។

ជាសំណាងល្អម្យ៉ាងរបស់ Son ដែរ ដែលគេអាច​ចូលរួមហ្វឹកហាត់ ក្នុងអំឡុងពេលដែល​លីគ​បាល់ទាត់កំពូលរបស់អង់គ្លេស Premier League ត្រូវផ្អាក​ដោយការរាតត្បាតនៃវីរុសកូរ៉ូណា។ ដូច្នេះ Son រំពឹងថា នឹងអាចត្រលប់ហ្វឹកហាត់ ដោយ​គ្មានកង្វល់ពីការប្រកួត ហើយ​អាច​​ទៅចូលលេងវិញបានគ្រប់ពេល ក្រោយ​ស្ថានការ​គ្រប់យ៉ាងបានធូរស្រាល៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post