header ads

Sponsor

ភ្នំពេញ៖ ក្រុមហ៊ុនChina Good Cars Holding Ltd គ្រោងចំណាយប្រាក់១៦០លានដុល្លារ វិនិយោគលើស្ថានីយ៍ចំណតយានយន្តធុនធំនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន បានបង្ហាញគម្រោងវិនិយោគនេះ ទៅលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សា នាព្រឹកថ្ងៃទី៥ ឧសភា។

តំណាងក្រុមហ៊ុន China Good Cars Holding Ltd បានស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ និងទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងចង់វិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានា នៅជិតរាជធានីភ្នំពេញទៀតផង។

លោក ស៊ុន ចាន់ថុល មិនបដិសេធបំណងរបស់ក្រុមហ៊ុនចិននេះឡើយ។ រដ្ឋមន្រ្តីសាធារណការ ប្រាប់ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះ ស្របទៅតាមច្បាប់វិនិយោគនៃកម្ពុជា។

ការកកស្ទះ​ចរាចរណ៍ បាន​បង្ក​ការលំបាក​យ៉ាងច្រើន​ដល់​ពលរដ្ឋ ខាតពេលវេលា ប៉ះពាល់អារម្មណ៍ សុខភាព និង​ខាតបង់​ផ្នែក​សេដ្ឋកិច្ចជាដើម​។ ការកកស្ទះ​ចរាចរណ៍ បានធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​ចំនួន​៦​លាន​ដុល្លារ​ក្នុង​មួយខែ​។ ​នេះ​នៅ​មិនទាន់​រាប់បញ្ចូល​នូវ​គ្រោះថ្នាក់ ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​ខាតបង់​ដល់​ផលទុនជាតិ និង​ប្រជាជន​សរុប​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នោះទេ​។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរក្រុងភ្នំពេញកន្លងមក៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post