header ads

Sponsor

សេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)នៅថ្ងៃទី១៩ឧសភាបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ នៅខេត្តកោះកុងមានកូនអណ្ដើកហ្លួងសរុបចំនួន៥១ពង ក្នុងនោះមានពង២៨បានខូចដោយមិនដឹងមូលហេតុ និងបានញាស់២៣ពងចេញពីសំបុកចំនួន៣ នៅលើឆ្នេរខ្សាច់ចំនួនពីរតាមប្រព័ន្ធព្រែកស្រែអំបិល។

ប៉ុន្តែអង្គការWCSបញ្ជាក់ថា ចំនួននេះច្រើនជាងចំនួនកូនអណ្ដើកហ្លួង ដែលបានញាស់ក្នុងរយៈពេលបីឆ្នាំកន្លងមកទៅទៀត។ សំបុកមួយក្នុងចំណោមសំបុកទាំងបីត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់មួយ ដែលអណ្ដើកហ្លួងធ្លាប់ពងរៀងរាល់ឆ្នាំ ចំណែកឯពីរសំបុកទៀតត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់ថ្មីមួយតាមដងព្រែកកំពង់សោម ដែលអណ្ដើកហ្លួងមិនដែលមកពងតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។

អង្គការ WCS ចាត់ទុកថា នេះជាជោគជ័យនិងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងលើការងារអភិរក្សរបស់សហគមន៍មូលដ្ឋាន និងគម្រោង ហើយក៏ជាលទ្ធផលនៃការផ្សព្វផ្សាយសារាចរ និងសេចក្តីប្រកាសចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល ដែលសម្រេចបញ្ឈប់រាល់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងប្រកាសលេខ១៣៣ ប្រក.កសក ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា៖ «កំណើននៃចំនួនកូនអណ្ដើកហ្លួងនេះបង្ហាញថា ក្រុមការងារអភិរក្សដែលកំពុងធ្វើការជាមួយសហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាល សម្រេចបាននូវជោគជ័យលើការងារអភិរក្សយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ដោយមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ យើងសង្ឃឹមថាចំនួនអណ្ដើកហ្លួង នឹងបន្តកើនឡើងកាន់តែច្រើននាពេលអនាគត»។

សូមបញ្ជាក់ថា កូនអណ្ដើកហ្លួងត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជបំផុត និងជាប្រភេទមួយក្នុងចំណោមប្រភេទអណ្តើក (លើកលែងអណ្តើកសមុទ្រ) ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើពិភពលោក ខណៈត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ជាឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជា និងត្រូវបានការពារដោយអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសដដែលលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេកដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស លេខ១៣៣ ប្រក.កសក ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។ ប្រកាសនេះនឹងមិនអនុញ្ញាតឱ្យមានការនេសាទខុសច្បាប់ និងជាពិសេសសកម្មភាពបូមខ្សាច់នានានៅតាមប្រព័ន្ធព្រែកស្រែអំបិល មានដូចជា ព្រែកកំពង់សោម ព្រែកក្អោង និងព្រែកកំពង់លើជាដើម»។

លោក វិបុល បានបន្ថែមថា៖«រដ្ឋបាលជលផលបានធ្វើការងារយ៉ាងសកម្មជាមួយអង្គការ WCS ដើម្បីអភិរក្សអណ្តើកហ្លួង តាមរយៈសកម្មភាពការពារទីជម្រក ឆ្នេរខ្សាច់ ការស្រាវជ្រាវ និងតាមដាន កម្មវិធីការពារសំបុក ការបង្កើតសហគមន៍នេសាទ និងការងារលើកស្ទួយជីវភាពសហគមន៍នានា»។

ចំណែកលោកស្រី ខាមឹន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើននៃកូនអណ្ដើកហ្លួងនេះគឺជាព័ត៌មានដ៏អស្ចារ្យសម្រាប់ប្រភេទដ៏សំខាន់ ដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុត។ យើងខ្ញុំសូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា អង្គការ WCS ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារប្រភេទអណ្ដើកហ្លួងនេះប្រកបដោយជោគជ័យ ដែលបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តក្នុងការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា»។

អង្គការ WCS បានអនុវត្តកម្មវិធីការពារសំបុកអណ្ដើកហ្លួងដោយសហការជាមួយសហគមន៍នេសាទនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង និងស្រុកកំពង់សិលាខេត្តព្រះសីហនុ និងជាមួយរដ្ឋបាលជលផលចាប់តាំងពីឆ្នាំ២០០៣ មកម្លេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas





ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post