header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋាភិបាលអាមេរិក បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦លានដុល្លារ ដល់កម្ពុជាសម្រាប់អនុវត្តលើវិស័យសំខាន់ចំនួន៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ។

ទឹកប្រាក់ ៥៦លានដុល្លារនេះ ត្រូវបែងចែក៣៨លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងវិស័យអប់រំ និងថវិកា១៨លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅក្នុងប្រទេសកម្ពុជា។

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ប្តេជ្ញាគាំទ្រប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។

តាមរយៈជំនួយសម្រាប់វិស័យទាំង៤នេះ អាមេរិកតែងតែជួយលើកកម្ពស់ដល់ការអប់រំកុមារ និងកាត់បន្ថយអត្រាអ្នកបោះបង់ចោលការសិក្សា, ទ្រទ្រង់មាតានិងទារក ,កាត់បន្ថយភាពក្រីក្រ និងកិច្ចការពារបរិស្ថាន តាមរយៈការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងទប់ស្កាត់ព្រៃរិចរិលជាដើម។

លោក ជិន ប៊ុនស៊ាន អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសទាំងពីរ។

គិតចាប់តាំងពីឆ្នាំ២០១៦មក អាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ២៥៣លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង៤នេះ៕

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post