header ads

Sponsor

ខេត្តត្បូងឃ្មុំបានប្រមូលទិន្នផលគ្រាប់ពោតស្ងួតប្រមាណ ៥៦ ៧៥០តោនក្នុងមួយឆ្នាំៗ ខណៈខេត្តនេះមានពូជពោតប្រមាណ១០ពូជ ត្រូវបានប្រជាកសិករយកមកដាំដុះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៨ ខែមិថុនានេះ បានបញ្ជាក់ថា កសិករនៅខេត្តត្បូងឃ្មុំ តែងតែធ្វើការដាំដុះដំណាំពោតតាមតំបន់ដីទំនាបលិចទឹកទន្លេមេគង្គ ដែលស្ថិតក្នុងស្រុកចំនួន ៤រួមមាន៖ ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកអូររាំងឪ ដែលមានផ្ទៃដីសរុបប្រមាណ ១០ ៧៩០ ហិកតា ។

កសិករបានធ្វើការដាំពោត សម្រាប់រដូវប្រាំងបានចំនួន ៦ ៨៥៥ ហិកតា ស្ថិតក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលផ្តល់ទិន្នផលជាមធ្យម ៥,៤០តោនក្នុងមួយហិកតា ដោយប្រមូលផលនៅចន្លោះខែកុម្ភៈដល់ខែមេសា ហើយនៅរដូវវស្សាវិញបានចំនួន ៣ ៩៣៥ហិកតា ស្ថិតក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និង ស្រុកអូររាំងឪ ដែលផ្តល់ទិន្នផលជាមធ្យម ៥,១២តោនក្នុងហិកតា ដោយប្រមូលផលនៅចន្លោះខែកក្កដាដល់ខែកញ្ញា។

ជាមួយនឹងការដាំដុះនេះ កសិករនៅខេត្តត្បូងឃ្មុំបានធ្វើការផ្លាស់ប្តូរទម្លាប់ពីការដាំដុះតាមបែបប្រពៃណី មកទទួលយកការដាំដុះតាមបច្ចេកទេសថ្មីវិញ ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធទុយោបាចសាចដែលប្រើប្រាស់ទឹកតិច ការប្រើប្រាស់ជីទ្រាប់បាត ការប្រើប្រាស់ជីបំប៉ន ការប្រើប្រាស់ថ្នាំកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឲ្យបរិមាណផលពោតមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ហើយក៏បានប្ដូរពីការប្រើកម្លាំងពលកម្មមនុស្សទាំងស្រុង មកប្រើម៉ាស៊ីនច្រូតពោត និងប្រឡេះគ្រាប់ពោតច្រកការ៉ុងវិញដែរ។

បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានឡសម្ងួតពោតចំនួន ៧ឡ ដែលនៅក្នុងស្រុកក្រូចឆ្មារចំនួន ៥ឡ និងស្រុកត្បូងឃ្មុំចំនួន ២ឡ ដែលមានសមត្ថភាពសម្ងួតគ្រាប់ពោតពី ១ ៥០០ តោនទៅ ៣ ០០០ តោន ក្នុងមួយឡ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post